(ម៉ូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov នៅថ្ងៃអង្គារនេះ បាននិយាយថាទីក្រុងម៉ូស្គូ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំដើម្បីបំពេញគ្រប់តម្រូវការ តាមកិច្ចព្រមព្រៀងលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស
S-400 ឱ្យតួកគី ដែលកំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។
ការបញ្ជាក់ពីគោលជំហររបស់រុស្ស៊ី ធ្វើឡើងក្រោយសភាតំណាងរាស្ត្រអាមេរិក បានអនុម័តលើដំណោះស្រាយមួយ ដែលថ្កោលទោសតួកគី សម្រាប់ការសម្រេចចិត្តទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី ជាមួយការអំពាវនាវឱ្យទីក្រុង អង់ការ៉ាលុបចោលគម្រោងនេះវិញជាបន្ទាន់ផងដែរ។
គួរជម្រាបថា សហរដ្ឋអាមេរិក ធ្លាប់បានព្រមានតួកគីជាច្រើនលើកពីការប្រឈមមុខជាប់ទណ្ឌម្មសេដ្ឋកិច្ច ព្រមទាំង ការលុបចោលការលក់យន្ដហោះចម្បាំង F-35 បើសិនជាទីក្រុងអង់ការ៉ាមិនព្រមបោះបង់ចោលគម្រោងទិញ S-400 ពីរុស្ស៊ីទេនោះ។ ប៉ុន្តែ តួកគីបានអះអាងថាខ្លួនត្រូវតែទិញ S-400 ពីព្រោះវាគឺជាតម្រូវការបន្ទាន់ក្នុងការបង្កើន សមត្ថភាពការពារជាតិ៕