ខួបមួយឆ្នាំជួបគ្នានៅសិង្ហបុរី! លោក ដូណាល់ ត្រាំ ទទួលបានសំបុត្រ «ប្រកបដោយភាពកក់ក្ដៅ» ពីលោក គីម ជុងអ៊ុន (Video inside)
12-06-2019 08:56
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាលោកទទួលបានសំបុត្រ មួយច្បាប់ប្រកបដោយភាពកក់ក្ដៅពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈមានការរំពឹង ថាជំនួបលើកទី៣រវាងមេដឹកនាំទាំង២ អាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ត្រាំ នៅតែ បញ្ជាក់ដដែលពីទំនាក់ទំនងល្អជាមួយលោក គីម ជុងអ៊ុន បើទោះជាកូរ៉េខាងជើងបានធ្វើតេស្ដ មីស៊ីល និងរ៉ុក្កែតរយៈចំងាយខ្លីជាច្រើនកាលពីខែឧសភា ក៏ដោយ។ លោក ត្រាំ បានលើកឡើងដូច្នេះថា៖« ខ្ញុំទទួលបានសំបុត្រមួយច្បាប់ប្រកបដោយភាពកក់ក្ដៅ និងស្និទស្នាលមួយច្បាប់ពីលោក គីម កាលពី ថ្ងៃចន្ទ...ហើយខ្ញុំគិតថាអ្វីៗនឹងដំណើរការទៅមុខប្រកបដោយភាពវិជ្ជមាន»។
លោក ត្រាំ មិនបានបញ្ជាក់អ្វីលម្អិតនៅក្នុងសំបុត្រនោះទៀតឡើយ ប៉ុន្តែការកត់សម្គាល់បែបនេះ របស់លោកធ្វើឡើង នាឱកាសខួបមួយឆ្នាំ នៃជំនួបកំពូលជាមួយលោក គីម នៅសិង្ហបុរី កាលពីថ្ងៃ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា កិច្ចចរចារំសាយអាវុធនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បាននិងកំពុង ជាប់គាំង ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី២រវាងលោក ត្រាំ និងលោក គីម នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីចុងខែកុម្ភៈកន្លងទៅទទួលបរាជ័យ៕