(ពិភពលោក)៖ នៅថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យោធាអាមេរិកនិងយោធាជប៉ុន កំពុងតែធ្វើសមយុទ្ធរួមគ្នា នៅក្នុងដែនសមុទ្រចិនខាងត្បូងជាមួយវត្តមាន
របស់ នាវាដឹក យន្តហោះចម្បាំងអាមេរិក USS Ronald Reagan ដែលដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាដឹកឧទ្ធម្ភាគចក្រ JS Izumo របស់ ជប៉ុន៕

 

២៖ អង្គការស្រាវជ្រាវផ្នែកអវកាសរបស់ប្រទេសឥណ្ឌា បានប្រកាសនាថ្ងៃពុធនេះថាឥណ្ឌានឹងបញ្ជូនយាន អវកាសទីពីរ ឲ្យឆ្ពោះទៅកាន់ឋានព្រះច័ន្ទក្នុងរយៈពេលខ្ទង់មួយខែទៀត៕

 

៣៖ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង (Kim Yo Jong) នឹងបំពេញ ដំណើរ ទស្សនកិច្ចមួយទៅកាន់តំបន់ព្រំដែនគ្មានយោធា រវាងប្រទេសទាំងកូរ៉េទាំងពីរ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតជំទាវទីមួយកូរ៉េខាងត្បូង លោកស្រី លី ហ៊ីហូ (Lee Hee-ho) ដែលទើបទទួលមរណភាព៕

 

៤៖ ប្រជាជនប្រមាណ ៣០០,០០០នាក់ ដែលកំពុងរស់នៅតាមបណ្តាយឆ្នេរសមុទ្រ នៃរដ្ឋ ហ្គូចារ៉ាត់ (Gujarat) និងដែនដីឌុយ (Diu) ភាគខាងលិចប្រទេសឥណ្ឌា កំពុងរៀបចំជម្លៀសខ្លួន ចេញពីលំនៅឋានរបស់ពួកគេហើយ បន្ទាប់ពីអាជ្ញាធរបានប្រកាសឲ្យដឹងថា ព្យុះស៊ីក្លូនដែលមាន ល្បឿនខ្យល់បោកបក់ពី ១៤០-១៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង កំពុងតែចល័តមកកាន់តំបន់នេះ៕

 

៥៖ ជនចំណាកស្រុកវេណេស៊ុយអេឡាយ៉ាងហោចណាស់ ៣០នាក់ កំពុងតែបន្តបាត់ខ្លួន ក្រោយពីកាណូត មួយគ្រឿងបានលិច នៅតាមដែនសមុទ្រធ្វើដំណើរឆ្ពោះទៅប្រទេសដីកោះ គូរ៉ាកាវ (Curacao) ដែលស្ថិតនៅ ភាគខាងជើងប្រទេសវេណេស៊ុយអេឡា៕

 

៦៖ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត ថេស្លា (Tesla) របស់អាមេរិកគឺ លោក អេឡូន ម៉ាសក៍ (Elon Musk) បានប្រាប់ថា ក្រុមហ៊ុនលោកមួយនេះ បានរចនាឡើងនូវរថយន្តដែលមានមុជទឹកបាន ព្រមទាំងរថយន្តអគ្គិសនី ដែលសាកម្តងអាចរត់បានចម្ងាយជិត ៦៥០គីឡូម៉ែត្រ៕