(តេហេរ៉ង់)៖ អ៉ីរ៉ង់នឹងស្នើឱ្យជប៉ុន ធ្វើជាអ្នកសម្របសម្រួលរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដើម្បី បន្ធូរបន្ថយភាពតានតឹង ក៏ដូចជាទណ្ឌកម្មនាំចេញប្រេងដែលរដ្ឋបាល លោក ដូណាល់ ត្រាំ ដាក់លើ សាធារណរដ្ឋអ៉ីស្លាមមួយនេះ។ នេះបើតាមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។
ការលើកឡើងខាងលើរបស់មន្ត្រីអ៉ីរ៉ង់ ធ្វើឡើងនាឱកាសដែលនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ កំពុង បំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅក្នុងប្រទេសអ៉ិរ៉ង់ ដោយចាប់ផ្ដើមនៅថ្ងៃពុធនេះ។ ថ្លែងប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់អ៉ីរ៉ង់រូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «ជប៉ុនអាចជួយបន្ធូរបន្ថយ ភាពតានតឹងរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងពេលបច្ចុប្បន្នបាន...ហើយជាចេតនា និងកាយវិកាដ៏ល្អ សហរដ្ឋអាមេរិកគួរតែលុបចោលទណ្ឌកម្មប្រេង ដែលខ្លួនបានដាក់ដោយអយុត្តិធម៌មកលើអ៉ីរ៉ង់»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅថ្ងៃពុធនេះ បានធ្វើឱ្យលោក អាបេ ស៊ីនហ្សូ កា្លយជានាយករដ្ឋមន្ត្រីជប៉ុន ដំបូងគេបំផុត ដែលយកជើងជាន់ដីអ៉ីរ៉ង់អស់រយៈពេលជាង៤០ឆ្នាំមកនេះ។ លោក អាបេ នឹងត្រូវជួបពិភាក្សា ការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) ៕