(គុយវ៉េត)៖ អ្នកនាំពាក្យក្រសួងសុខាភិបាលគុយវ៉េតបានឲ្យដឹងថា រលកកម្តៅបាននិងកំពុង បោកបក់ខ្លាំងលើប្រទេសមជ្ឈិមបូព៌ាមួយនេះ ដោយសីតុណ្ហភាពលោតដល់កម្រិត ៥០អង្សាសេ ខណៈផ្នែកឧតុនិយមបានព្រមានថា ស្ថានភាពអាក្រក់បែបនេះនឹងត្រូវអូសបន្លាយទៅមុខទៀត ដែលអាចឈានដល់កម្រិតប្រកាសអាសន្នតែម្តង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Arab Times នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩។
អាជ្ញាធរសុខាភិបាលគុយវ៉េតបានបន្តទៀតថា កម្តៅកើនឡើងខ្លាំងបែបនេះនឹងធ្វើឲ្យប្រជាជន ជាពិសេសមនុស្សវ័យចំណាស់ពិបាកនៅក្នុងខ្លួន និងអាចឈានទៅរកសេចក្តីស្លាប់បាន។ អាជ្ញាធរបានអំពាវនាវឲ្យប្រជាជនទាំងអស់ ជាពិសេសកុមារៗ, មនុស្សវ័យចំណាស់, ស្ត្រីមានផ្ទៃពោះ និងមនុស្សដែលមានជំងឺប្រចាំកាយ ត្រូវចៀសវាងការប៉ះត្រូវផ្ទាល់ជាមួយកម្តៅថ្ងៃ និងត្រូវព្យាយាមទទួលទានទឹកឲ្យបានច្រើន ដើម្បីបង្កើនជាតិសំណើមក្នុងរាងកាយ។
គួរបញ្ជាក់ថា ពេលវេលាដែលអាជ្ញាធរគុយវ៉េត ណែនាំកុំឲ្យប្រជាជន ចេញមកត្រូវកម្តៅថ្ងៃដោយផ្ទាល់នោះ គឺចន្លោះពីម៉ោង ១១៖០០នាទីព្រឹកដល់ម៉ោង ៤៖០០រសៀល ព្រោះជាពេលដែលកម្តៅកំពុង ប្រមូលផ្តុំខ្លាំង។ មិនត្រឹមតែប្រទេសគុយវ៉េតនោះឡើយ បណ្តាប្រទេសមួយចំនួនទៀតដូចជា ឥណ្ឌា ប៉ាគីស្ថាន និងអារ៉ាប៊ីសាអូឌីតជាដើម សុទ្ធសឹងតែកំពុងទទួលរងការវាយប្រហារដោយរលកកម្តៅ ប៉ុន្តែពុំទាន់មានព័ត៌មានណាមួយ ចេញផ្សាយអំពីចំនួនជនរងគ្រោះ ដែលបង្កឡើងដោយគ្រោះធម្មជាតិនេះឡើយ៕