(វ៉ាស៊ីនតោន)៖ ការដាក់សម្ពាធរបស់អាមេរិកប្រឆាំងក្រុមហ៊ុនចិន Huawei បានចាប់ផ្តើមឡើងដំបូង ដោយសារភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា 5G របស់ Huawei ផ្ទាល់។ ដោយសំអាងលើហេតុផលគំរាមកំហែងផ្នែកសន្តិសុខ អាមេរិកបានខិតខំប្រឹងប្រែងជាខ្លាំង ដើម្បីទៅបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ឲ្យរារាំងក្រុមហ៊ុន Huawei មិនឲ្យចូលពាក់ព័ន្ធនឹងការកសាងបណ្តាញ 5G របស់ពួកគេ។

នាពេលនេះវាបានក្លាយជាបម្រាមដ៏ធំមួយ ដែលធ្វើឲ្យក្រុមហ៊ុនអាមេរិកមិនអាចរកស៊ីជាមួយ Huawei បានឡើយ។ ចំពោះ Huawei ដំបូងឡើងស្ទើរគ្រប់គ្នាបានមើលថា ក្រុមហ៊ុននេះនឹងត្រូវរងគ្រោះខ្លាំង ព្រោះក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់ធំៗរបស់ក្រុមហ៊ុន Huawei នឹងត្រូវកាត់ផ្តាច់ទំនាក់ទំនងជាមួយ Huawei។ យ៉ាងណាមិញ Huawei គឺជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំបំផុតលើលោក និងត្រូវការ គ្រឿងបន្លាស់សំខាន់ៗមួយចំនួនតូចប៉ុណ្ណោះពីអាមេរិក ដូច្នេះហើយ Huawei ច្បាស់ជានឹងអាចជម្នះបម្រាមនេះបាន។

ទោះបីជាក្រុមហ៊ុនអាមេរិក ដែលជាគូប្រជែងរបស់ Huawei នឹងទទួលបានអត្ថប្រយោជន៍ក្នុងទម្រង់ណាមួយ តាមរយៈបម្រាមនេះក៏ដោយ ក៏វានឹងមានរយៈពេលខ្លីប៉ុណ្ណោះ ព្រោះគោលការណ៍គាំពារនិយមនេះ នឹងជំរុញឲ្យក្រុមហ៊ុន Huawei និងក្រុមហ៊ុនចិនដទៃទៀត ខិតខំអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួនឯងផ្ទាល់។ ម៉្យាងវិញទៀតនោះ ដោយយោងលើទៅលើភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃក្រុមហ៊ុនទាំងនេះ ពួកគេប្រហែលជាអាចឈានមុខ ហើយដណ្តើមឥទ្ធិពលពីក្រុមហ៊ុនអាមេរិក នៅក្នុងទីផ្សារអន្តរជាតិថែមទៀតក៏ថាបាន។

បម្រាមពាណិជ្ជកម្មរបស់អាមេរិកក៏នឹងធ្វើឲ្យ Huawei បាត់បង់ភាពជាដៃគូជាមួយក្រុមហ៊ុន Google ផងដែរបើសិនជាពេលវេលាកំណត់មកដល់ ហើយនៅតែគ្មានដំណោះស្រាយ។ ពោលគឺ Huawei ត្រូវប្រឈមមុខនឹងការបាត់នូវសិទ្ធិប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android OS ព្រមទាំងកម្មវិធីផ្សេងៗទៀតដែលអាចហៅថា ប្រព័ន្ធអេកូឡូស៊ីរបស់ Google។ ប្រការនេះប្រហែលធ្វើឲ្យអតិថិជនមួយចំនួនលើទីផ្សារអន្តរជាតិ ឈប់ប្រើប្រាស់ស្មាតហ្វូនរបស់ Huawei។ ដូច្នេះ Huawei អាចនឹងចាប់ផ្តើមបង្កើនសមត្ថភាព OS បែបអេកូឡូស៊ីផ្ទាល់ខ្លួន ឲ្យកាន់តែខ្លាំង ខណៈមានសេចក្តីរាយការណ៍ថា Huawei បានចំណាយពេលសម្ងំបង្កើត ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនឯង ជាច្រើនឆ្នាំរួចស្រេចមកហើយដែលមានឈ្មោះថា Hongmeng (សម្រាប់ទីផ្សារក្នុងស្រុកចិន) និង Ark ឬ Oak (សម្រាប់ទីផ្សារសកល)។

ទោះបីជា OS របស់ Huawei មិនប្រាកដថា នឹងអាចយកឈ្នះ Android របស់ Google ក៏ដោយក្តីតែបើមិនទាន់សាកល្បង គឺមិនអាចឲ្យនរណាវាយតម្លៃពីលទ្ធផល ១០០%នោះឡើយ ប៉ុន្តែ Huawei ធ្លាប់បញ្ជាក់ជាច្រើនដងហើយថា Android និង Windows នៅតែជាប្រព័ន្ធប្រតិបត្តិការចម្បង ដែលខ្លួនចង់បានសម្រាប់អតិថិជន ដ៏មានតម្លៃបំផុតទូទាំងពិភពលោក។ បន្ថែមពីនេះ អ្វីដែលជាការពិតមិនអាចប្រកែកបាននោះ បើសិនជាការប្រកួតប្រជែងនេះ បានកើតឡើងកាលពី ៤-៥ឆ្នាំមុនវិញ គម្លាតបច្ចេកវិទ្យាប្រហែលជាមានទំហំធំជាង ប៉ុន្តែបច្ចុប្បន្ននេះ Huawei ទំនងជានឹងងើបឡើងតទល់ ហើយអាចនឹងឈ្នះផងក៏ថាបាន ដែលវានឹងកែប្រែវិស័យស្មាតហ្វូននៅលើពិភពលោកទាំងមូល ខណៈប្រព័ន្ធប្រតិបត្តិការរបស់ Android កំពុងតែគ្របដណ្តប់ទីផ្សារសកលយ៉ាងច្រើន។

និយាយរួមទៅបម្រាមពាណិជ្ជកម្មនេះ មិនមែនត្រឹមតែជាផ្នែកមួយនៃសង្រ្គាមពាណិជ្ជកម្ម របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប៉ុណ្ណោះទេ តែវាប្រហែលជាអាចផ្លាស់ប្តូរអនាគតនៃអ្នកដឹកនាំបច្ចេកវិទ្យាស្មាតហ្វូនតែម្តង។ បើគ្មានបម្រាមនេះ ទេនោះ Huawei ប្រហែលជានៅតែប្រើប្រាស់អេកូឡូស៊ីរបស់ Google រហូត ព្រោះវាល្អសម្រាប់ខ្លួន។ ប៉ុន្តែឥឡូវនេះ នៅពេល ត្រូវប្រឈមមុខជាមួយបញ្ហាយ៉ាងធំ Huawei និងបណ្តាក្រុមហ៊ុនចិនដទៃទៀត ត្រូវតែត្រៀមខ្លួនប្រឆាំងឥទ្ធិពលរបស់ Google ប្រសិនបើពួកគេចង់នៅឈរជើងជាប់។

គួរជម្រាបថា ក្រុមហ៊ុន Google ទំនងជាយល់ពីហានិភ័យ ដែលនឹងកើតមានចំពោះឥទ្ធិពលរបស់ខ្លួន ទើបបានទទូចសុំឲ្យ រដ្ឋាភិបាលអាមេរិក ផ្តល់ការលើកលែងដល់ប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួនមិនឲ្យជាប់បម្រាមពាណិជ្ជកម្ម ពោលគឺដើម្បីឲ្យស្មាតហ្វូនរបស់ Huawei គ្រប់ជំនាន់នៅតែអាចប្រើប្រាស់វាបានតទៀត។ យ៉ាងណាមិញវាក៏អាចហួសពេលទៅហើយដែរព្រោះ Huawei និងក្រុមហ៊ុនចិនផ្សេងទៀត បានមើលឃើញយ៉ាងច្បាស់ពីហាន័យ ដែលអាមេរិកអាចបង្កឡើងចំពោះពួកគេ។

ទន្ទឹមគ្នានេះ ទង្វើរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ មិនត្រឹមតែជំរុញឲ្យក្រុមហ៊ុនចិន កាន់តែមានបច្ចេកវិទ្យាផ្ទាល់ខ្លួនយ៉ាងរឹងមាំនោះទេ តែវានឹងបន្ទាបឥទ្ធិពលរបស់ បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ជាពិសេស Google ផងដែរនៅលើទឹកដីចិន និងតំបន់ជាច្រើនទៀតលើលោក ដែលកំពុងទទួលស្គាល់បច្ចេកវិទ្យារបស់ចិន ដែលមានគុណភាពអាចទទួលយកបាន តែមានតម្លៃទាបជាងអាមេរិកឆ្ងាយដាច់។ ដូច្នេះហើយ នយោបាយពាណិជ្ជកម្មជាតិនិយម បែបជ្រុលហួសហេតុរបស់ លោក ដូណាល់ ត្រាំ ដែលមានគោលដៅចង់រាំងខ្ទប់ភាពរីកចម្រើនរបស់ចិន ប្រហែលជាទីបញ្ចប់នឹង ងាកមកជះផលអាក្រក់ខ្លាំងមកវិញ និងបង្ករបួសធ្ងន់ធ្ងរដល់ខ្លួនឯងជាក់ជាមិនខានឡើយ៕

ប្រភព៖ សារព័ត៌មាន Financial Times (ដកស្រង់នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩)