(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកពុំបានដាក់ថ្ងៃកំណត់ សម្រាប់ការដំឡើងពន្ធលើទំនិញចិននោះឡើយ បន្ទាប់ពីរូបលោកបានព្រមានថា សហរដ្ឋអាមេរិកត្រៀមខ្លួនរួមស្រេចដើម្បីបន្តដំឡើងពន្ធ លើទំនិញចិនសរុបជាទំហំទឹកប្រាក់ស្មើនឹង ៣២៥ពាន់លានដុល្លារផ្សេងទៀត ប្រសិនប្រទេសទាំងពីរ នៅតែមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀង។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩។
នៅពេលត្រូវក្រុមអ្នកកាសែតសួរថា តើលោកប្រធានាធិបតីមានថ្ងៃកំណត់ជាក់លាក់ណាមួយដែរ ឬទេ មុនការសម្រេចចិត្តដំឡើងពន្ធលើទំនិញចិនថែមទៀត? លោក ដូណាល់ ត្រាំ បានឆ្លើយតបដូច្នេះថា «ទេ... ខ្ញុំពុំបានដាក់ថ្ងៃកំណត់នោះឡើយ»។ បើតាមទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ នឹងជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុង Osaka ប្រទេសជប៉ុនក្នុងខែមិថុនានេះ ដើម្បីជជែកពីបញ្ហាទំនាស់ពាណិជ្ជកម្មរវាងភាគីទាំងពីរ។
គួរជម្រាបថា ជម្លោះពាណិជ្ជកម្មអាមេរិក-ចិន បានចាប់ផ្តើមដំបូងកាលពិខែមិថុនា ឆ្នាំ២០១៨ នៅពេលលោក ត្រាំ សម្រេចដំឡើង ពន្ធ២៥ភាគរយ លើទំនិញចិនទំហំ៥០ពាន់លានដុល្លារ ដើម្បីស្តារឱនភាពពាណិជ្ជកម្មអាមេរិក ចាប់តាំងពីនោះមក ប្រទេសទាំងពីរ បានប្រកាសដំឡើងពន្ធដាក់គ្នាទៅវិញទៅមក។
ប៉ុន្តែមកដល់ខែធ្នូ ឆ្នាំ២០១៩ វិវាទនេះត្រូវបានផ្អាកជាបណ្តោះអាសន្ន នៅពេលលោក ត្រាំ និង លោក ស៊ី បានជួបមុខគ្នានៅក្នុងប្រទេសអាហ្សង់ទីន ដោយមេដឹកនាំទាំងពីរបានឯកភាពគ្នា បង្កើតកិច្ចចរចាដើម្បីបញ្ចប់ទំនាស់ពាណិជ្ជកម្ម។ យ៉ាងណាមិញកាលពីខែឧសភាកន្លងទៅ ស្ថានការណ៍ក៏បានកើនឡើងកម្តៅខ្លាំងជាថ្មី នៅពេលកិច្ចចរចាបានជាប់គាំង ហើយទីក្រុងវ៉ាស៊ីនតោនក៏បានសម្រេចដំឡើងពន្ធ ២៥ភាគរយ លើទំនិញចិនស្មើនឹងទំហំទឹកប្រាក់ ២០០ពាន់លានដុល្លារ ហើយចិនក៏បានសងសឹកទៅវិញផងដែរ៕