(តូក្យូ)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ ខណៈមានការព្រួយបារម្ភថា ការដឹកជញ្ជូនប្រេងឆ្លងកាត់ឈូងសមុទ្រអូម៉ង់ ដែលជាផ្លូវទឹកមួយដ៏សំខាន់នៅលើពិភពលោក នឹងមានការថយចុះបន្ទាប់ពីកប៉ាល់ដឹកប្រេង ០២គ្រឿងរងការវាយប្រហារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩។
ការវាយប្រហារលើកប៉ាល់ដឹកប្រេងរបស់ជប៉ុន និងប្រទេសន័រវេសកាលពីថ្ងៃព្រហស្បតិ៍ នៅឯឈូងសមុទ្រអូម៉ង់ ដែលស្ថិតក្បែរដែនទឹកអ៊ីរ៉ង់ និងច្រកសមុទ្រហ័រមូស (Hormuz) កំពុងបង្កឱ្យមានការព្រួយបារម្ភ ខ្លាចក្រែងវាធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រេងឆៅ។ ដោយឡែក ជុំវិញការវាយប្រហារជាលើកទី ២ លើកប៉ាល់ដឹកប្រេងទាំងពីរគ្រឿងនេះដែរ សហរដ្ឋអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថា ជាអ្នកប្រព្រឹត្ត។ ប៉ុន្តែទីក្រុងតេហេរ៉ង់បានបដិសេធ ដូចគ្នាទៅនឹងការចោទប្រកាន់កាលពីពេលមុន ដែលខ្លួនគឺជាអ្នកវាយប្រហារលើកប៉ាល់ដឹកប្រេង ០៤គ្រឿង នៅឈូងសមុទ្រ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមកាលពីខែឧសភា កន្លងទៅ។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះតម្លៃប្រេងឆៅនៅទីផ្សារអឺរ៉ុប Brent បានធ្លាក់ចុះ ១៧សេន ឬស្មើនឹង ០.៣ភាគរយ មកនៅត្រឹម ៦១.១៤ដុល្លារក្នុងមួយបារែល ខណៈប្រេងឆៅអាមេរិក WTI បានធ្លាក់តម្លៃអស់ ៣៩សេន ឬ ០.៨ភាគរយមកនៅត្រឹម ៥១.៨៩ដុល្លារក្នុងមួយបារែល៕