(ប៊ុយណូសអ៊ែរែស)៖ ប្រធានាធិបតីអាហ្សង់ទីនលោក ម៉រីស៊ីយ៉ូ ម៉ាគ្រី (Mauricio Macri) បានចេញបញ្ជាឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ខណៈប្រទេសអាមេរិកឡាទីនមួយនេះ បានដាច់ចរន្តអគ្គិសនីទាំងស្រុងតែម្តង ដែលមិនធ្លាប់កើតមានពីមុនមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩។
លោក ម៉ាគ្រី បានថ្លែងនៅថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិកខាងត្បូង) យ៉ាងដូច្នេះថា «នៅព្រឹកនេះមានការដាច់ចរន្តអគ្គិសនីទូទាំងផ្ទៃប្រទេស ដែលបង្កទៅជាការរារាំងស្ទះដល់ ប្រព័ន្ធដឹកជញ្ជូនតាមឆ្នេរសមុទ្រ ខណៈដែលមូលហេតុដែលបង្កបញ្ហានេះឡើយ មិនទាន់ដឹងថាអ្វីឲ្យប្រាកដ...។ យើងកំពុងតែធ្វើការដោះស្រាយបញ្ហានេះ ដើម្បីឲ្យប្រជាជនទាំងអស់ទទួលបានអគ្គិសនីប្រើប្រាស់ឡើងវិញ ឲ្យបានឆាប់រហ័សបំផុតតាមដែលអាចទៅរួច»។
គួរបញ្ជាក់ថា មិនត្រឹមតែប្រទេសអាហ្សង់ទីននោះឡើយ ដោយប្រទេសអ៊ុយរ៉ាហ្គាយ ដែលស្ថិតនៅក្បែរខាងវិញ ក៏បានជួបប្រទះបញ្ហាគួរឲ្យភ្ញាក់ផ្អើលដូចគ្នានេះដែរ ប៉ុន្តែពេលនេះ អគ្គិសនីនៅអ៊ុយរ៉ាហ្គាយបានត្រឡប់មកវិញហើយ នៅឡើយតែអាហ្សង់ទីប៉ុណ្ណោះ ដែលនៅមានតំបន់ជាច្រើនបន្តដាច់។ បើតាមអាជ្ញាធរអាហ្សង់ទីន នៅវេលាម៉ោង ៤៖០០នាទីរសៀលថ្ងៃអាទិត្យ អគ្គិសនីប្រមាណ ៥៦% ទូទាំងប្រទេសត្រូវបានផ្គត់ផ្គង់ឡើងវិញ៕