(កាប៊ុល)៖ សមាជិកក្រុមសកម្មប្រយុទ្ធដល់ទៅជាង ១០០នាក់បានស្លាប់ ក្នុងការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកអំឡុងពេល ០៣ថ្ងៃកន្លងមកនេះ ខណៈដែលកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានបង្កើនយុទ្ធនាការកម្ចាត់ក្រុមឧទ្ទាមតាលីបង់។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩។

ប៉ុន្មានថ្ងៃចុងក្រោយនេះប្រតិបត្តិការយោធាដើម្បីកម្ចាត់ ក្រុមសកម្មប្រយុទ្ធប្រឆាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ត្រូវបានធ្វើឡើងនៅខេត្ត គុនដឹស (Kunduz) និងខេត្ត ហ្វាយ៉ាប (Faryab) ដែលនៅភាគខាងជើង ព្រមទាំងខេត្តហ្វារ៉ាហ៍ (Farah) នៅភាគខាងលិច និងហ្គាស្នី (Ghazni) ភាគខាងកើតក៏ដូចជានៅ កាន់ដាហារ (Kandahar) ភាគខាងត្បូង។ យោធាអាហ្វហ្គានីស្ថានបានបញ្ជាក់ថា ពុំមានកងទ័ពណាម្នាក់បានរងគ្រោះថ្នាក់ក្នុង ប្រតិបត្តិការទាំងនេះឡើយ តែអ្នកនាំពាក្យក្រុមតាលីបង់បាននិយាយថា ពួកគេក៏បានផ្តាច់ជីវិតទាហានជាច្រើននាក់ដែរហើយ តួលេខសមាជិកតាលីបង់ដែលបាត់បង់ជីវិត គឺមិនខ្ពស់ដូចការអះអាងរបស់យោធាទេ។

គួរជម្រាបថា ទាំងក្រុមឧទ្ទាមតាលីបង់ និងកងកម្លាំងរដ្ឋាភិបាលសុទ្ធតែបានបង្កើនសកម្មភាពរៀងៗ ក្នុងមួយរយៈចុងក្រោយនេះ នៅចំពោះមុខកិច្ចប្រឹងប្រែងសំដៅបញ្ចប់វិបត្តិប្រដាប់អាវុធ ដែលនៅអូសបន្លាយក្នុងប្រទេសអាហ្វហ្គានីស្ថាន៕