(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រុមបាតុករមួយចំនួនដែលមិនព្រមទទួលយកការសម្រេចចិត្តផ្អាកការអនុម័តលើច្បាប់ធ្វើបត្យាប័នជន សង្ស័យ (ក្នុងករណីប្រព្រឹត្តបទល្មើស) ទៅកាន់ចិនដីគោក នៅតែបន្តគ្រប់គ្រងផ្លូវសំខាន់ៗជាច្រើននៅក្នុង ទីក្រុងហុងកុងនៅថ្ងៃចន្ទនេះ ដោយសារតែពួកគេមួយចំនួននៅតែមិនទុកចិត្តចំពោះការសម្រេចចិត្ត ខាងលើនេះ៕

 

២៖ សមាជិកក្រុមសកម្មប្រយុទ្ធដល់ទៅជាង ១០០នាក់បានស្លាប់ ក្នុងការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកអំឡុងពេល ០៣ថ្ងៃកន្លងមកនេះ ខណៈដែលកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានបង្កើនយុទ្ធនាការកម្ចាត់ ក្រុមឧទ្ទាមតាលីបង់៕

 

៣៖ សហរដ្ឋអាមេរិកមិនចង់មានសង្រ្គាមជាមួយអ៊ីរ៉ង់ឡើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនឹងចាត់វិធានការចាំបាច់នានា ក្នុងនោះរួមទាំងការទូត ដើម្បីធានាការពារសុវត្ថិភាព នៃការធ្វើនាវាចរនៅក្នុងតំបន់មជ្ឈិមបូព៌ា៕

 

៤៖ អគ្គនាយករងក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing គឺលោក រ៉េនឌី ទិនសេត (Randy Tinseth) បានសម្តែងការសូមអភ័យទោសយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនអាកាសចរណ៍នៅជុំវិញពិភពលោកព្រមទាំង ចំពោះសាច់ញាតិនៃជនរងគ្រោះធ្លាក់យន្តហោះ 737 MAX ទាំងពីរករណី នៅឥណ្ឌូណេស៊ី និងអេត្យូពី៕

 

៥៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានដាក់បង្ហាញជាផ្លូវការហើយពីតំបន់ អាណានិគមថ្មីមួយនៅលើទឹកដី Golan Heights ដោយយកឈ្មោះតាមប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ៕

 

៦៖ ស្ថាប័នទទួលបន្ទុករៀបចំផែនការនៃប្រទេសចិន បានឲ្យដឹងនាថ្ងៃចន្ទនេះថា ខ្លួននឹងធ្វើការសិក្សា អភិវឌ្ឍន៍ និងដាក់ចេញនូវគោលនយោបាយពាក់ព័ន្ធនានា ស្តីពីធនធានរ៉ែកម្រហៅថា Rare Earth នាពេលឆាប់ៗតាមតែ អាចធ្វើបាន នៅចំពោះមុខជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក៕