(ប៉េកាំង)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩។
យោងតាម KCNA លោក ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ ទៅកាន់ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ តបតាមការអញ្ជើញរបស់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន។ ដោយឡែក សារព័ត៌មានរដ្ឋ ចិន CCTV ក៏បានទទួលស្គាល់ពីដំណើរទស្សនកិច្ចនេះដែរ ហើយថែមទាំងបញ្ជាក់ដែរថាមេដឹកនាំប្រទេសទាំង២ នឹងពិភាក្សាគ្នាដោយផ្ដោតសំខាន់លើទំនាក់ទំនងទ្វេភាគី និងស្ថានភាពនៅលើឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា លោក ស៊ី ជិនពីង នឹងក្លាយជាប្រធានាធិបតីចិនដំបូងបំផុត ដែលនឹងបំពេញទស្សនកិច្ចទៅកាន់ ប្រទេសកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០៥មក៕