(តេហរ៉ង់)៖ រដ្ឋាភិបាលអ៉ីរ៉ង់ បានប្រកាសថាខ្លួននឹងឈប់អនុវត្តនូវការដាក់កំហិតលើការស្ដុកទុក និងចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ចាប់ពីថ្ងៃទី២៧ ខែមិថុនា នេះ តទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩។

ប៉ុន្តែទន្ទឹមគ្នានឹងការប្រកាសរបស់អ៉ីរ៉ង់ បារាំង អង់គ្លេស និងអាល្លឺម៉ង់ បានព្រមានថាពួកគេអាចនឹងដាក់ទណ្ឌកម្ម បើសិនជាទីក្រុងតេហេរ៉ង់ រំលោភបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ យ៉ាងណាក៏ដោយ អ៉ីរ៉ង់ នៅតែបញ្ជាក់ដដែលថាបណ្ដាប្រទេសអឺរ៉ុប នៅតែមានឱកាសស្ដារកិច្ចព្រមព្រៀងនេះឡើងវិញ មុននឹងស្ថានភាព អាក្រក់ជាងបច្ចុប្បន្នផ្ទុះឡើង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពីកិចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ (មានប្រទេស ហត្ថលេខីផ្សេងទៀតដូចជា អាល្លឺម៉ង់ បារាំង អង់គ្លេស ចិន រុស្ស៊ី និងអ៉ីរ៉ង់) កាលពីឆ្នាំ២០១៨ ហើយចាប់ពីពេល នោះមកដែរ ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ជួបភាពតានតឹងរហូតមកទល់នឹងពេល បច្ចុប្បន្ន។ ភាពតានតឹងនេះទៀតសោត អាចនឹងកើនឡើងកាន់តែខ្លាំង នៅក្នុងករណីអ៉ីរ៉ង់បង្កើនការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញមែននោះ៕