(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពបន្ថែម ១,០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីការពារផលប្រយោជន៍អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនពីការគំរាមកំហែងណាមួយ ដោយប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។
ការសម្រេចចិត្តបញ្ជូនកងទ័ពអាមេរិកបន្ថែម ទៅកាន់តំបន់មជ្ឈិមបូព៌ាខាងលើនេះ ត្រូវបានរដ្ឋមន្ត្រីការពារជាតិអាមេរិកស្ដីទី លោក ផាទ្រីក ហ្សាណាហាន (Patrick Shanahan) អះអាងថា ធ្វើឡើងជាការឆ្លើយតបទៅនឹងអាកប្បកិរិយា ប្រកបដោយភាពគ្រោះថ្នាក់របស់អ៊ីរ៉ង់ ក្រោយកប៉ាល់ដឹកប្រេង ០២គ្រឿងរងការវាយប្រហារនៅឯឈូងសមុទ្រអូម៉ង់ កាលពីសប្ដាហ៍មុន។ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ ការសម្រេចចិត្តនេះទៀតសោតត្រូវបានធ្វើឡើងភ្លាមៗតែប៉ុន្មាន ម៉ោងប៉ុណ្ណោះក្រោយទីក្រុងតេហរ៉ង់បានប្រកាសថា នឹងបង្កើនការចម្រាញ់ក៏ដូចជាស្ដុកទុកសារធាតុ អ៊ុយរ៉ាញ៉ុមឡើងវិញនៅថ្ងៃទី២៧ ខែមិថុនានេះ។
លោក Shanahan បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកមិនចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ឡើយ ប៉ុន្តែយើងបានសម្រេចចិត្តបញ្ជូនកងទ័ពបន្ថែម (១,០០០នាក់) ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីការពារធានាសុវត្ថិភាពយោធា និងផលប្រយោជន៍របស់យើងរួមទាំងសម្ព័ន្ធមិត្ត»។
គួរបញ្ជាក់ថា ការប្រកាសបញ្ជូនកងទ័ពបន្ថែម ១,០០០នាក់ នឹងត្រូវធ្វើឡើងបន្ថែមពីលើចំនួនកងទ័ព ១,៥០០នាក់ ដែលលោក ដូណាល់ ត្រាំ ប្រកាសដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ា កាលពីខែឧសភាកន្លងទៅ។ ប៉ុន្តែ មន្ទីរបញ្ចកោណមិនទាន់បញ្ជាក់លម្អិតពីទីតាំងឈរជើង របស់កងទ័ពអាមេរិកទាំងនេះទេ គ្រាន់តែគេដឹងថា គឺតំបន់មជ្ឈិមបូព៌ា៕