(ព្យុងយ៉ាង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានទៅដល់រដ្ឋធានីព្យុងយ៉ាងហើយ ដើម្បីចាប់ផ្តើមដំណើរទស្សនកិផ្លូវរដ្ឋពីរថ្ងៃជាលើកដំបូង និងជួបពិភាក្សាជាមួយមេដឹកនាំកំពូលរបស់កូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរដ្ឋចិន CCTV នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩។
ដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យលោក ស៊ី ជិនពីង កា្លយជាប្រធានាធិបតីចិនដំបូងគេដែលធ្វើដំណើរ ទៅកាន់កូរ៉េខាងជើងអស់រយៈពេលជាង ១៤ឆ្នាំមកនេះ ពោលគឺចាប់តាំងពីអតីតប្រធានាធិបតីចិន លោក ហ៊ូ ជិនតាវ (Hu Jintao) បំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង កាលពីខែតុលា ឆ្នាំ២០០៥។ ប៉ុន្តែអ្វីដែឡគួរឱ្យកត់សម្គាល់ ដំណើរទស្សនកិច្ចរបស់លោក ស៊ី នៅពេលនេះត្រូវបានក្រុមអ្នកជំនាញខ្លះមើលឃើញថា អាចនឹងធ្វើឱ្យភូមិសាស្ត្រនយោបាយបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ កាន់តែមានភាពស្មុគស្មាញ ខណៈទីក្រុងប៉េកាំងក៏បានបង្ហាញការគាំទ្រដល់ជំហររបស់កូរ៉េខាងជើង ពាក់ព័ន្ធនឹងកិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកផងដែរ។
គួរបញ្ជាក់ថា លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន ធ្លាប់ជួបគ្នា០៤លើករួចមកហើយ នៅលើទឹកដីចិនកាលពីឆ្នាំ២០១៨ ហើយជំនួបរវាងមេដឹកនាំទាំងពីរនៅលើកនេះ ធ្វើឡើងនៅមុនពេលលោក ស៊ី ត្រូវជួបជាមួយលោក ដូណាល់ ត្រាំ នៅកិច្ចប្រជុំ G20 ក្នុងប្រទេសជប៉ុននៅសប្ដាហ៍ក្រោយ។ ដោយឡែកបើតាមក្រុមមន្ត្រីចិន លោក ស៊ី និងលោក គីម នឹងពិភាក្សាគ្នាដោយផ្ដោតសំខាន់លើ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងស្ថានភាពបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ៕