(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃចន្ទនេះ បានលើកឡើងថា ប្រទេសដទៃជាពិសេស ចិននិងជប៉ុន តែម្តង គួរផ្តល់ការការពារដល់កប៉ាល់ដឹកប្រេងពួកគេដោយខ្លួនឯង នៅតំបន់មជ្ឈិមបូព៌ា ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Twitter ដូច្នេះថា «ចិននិងជប៉ុនទទួលបានផលប្រយោជន៍យ៉ាងធំធេង ពីការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz នៃតំបន់មជ្ឈិមបូព៌ា ហើយប្រទេសជាច្រើនផ្សេងទៀតក៏ដូចគ្នាដែរ។ ដូច្នេះហើយ ហេតុអ្វីបានយើងត្រូវការពារច្រកដឹកជញ្ជូននេះសម្រាប់ប្រទេសដទៃអស់រយៈពេលជាយូរមកនេះ ដោយពុំបានមួយកាក់មួយសេន សោះ ។ ប្រទេសទាំងអស់នេះ គួរតែផ្តល់ការការពារដល់កប៉ាល់ដឹកប្រេងរបស់ពួកគេ ព្រោះវាជាការធ្វើដំណើរមួយប្រកបដោយ គ្រោះថ្នាក់ »។
គួរជម្រាបថា លោក ត្រាំ បានលើកឡើងបែបនេះ នៅចំពោះមុខស្ថានការណ៍តានតឹងជាមួយអ៊ីរ៉ង់ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានទម្លាក់កំហុសលើទីក្រុងតេហេរ៉ង់ ជុំវិញការវាយប្រហារកប៉ាល់ដឹកប្រេងពីរគ្រឿង ក្នុងនោះមួយគ្រឿងជារបស់ជប៉ុន នៅឈូង សមុទ្រអូម៉ង់ ក្បែរច្រកសមុទ្រ Hormuz បូករួមជាមួយការបាញ់ទម្លាក់យន្តហោះដ្រូនស៊ើបការណ៍របស់អាមេរិកដោយអ៊ីរ៉ង់ថែម ទៀត។ ប៉ុន្តែប្រទេសទាំងពីរនៅតែអះអាងថា មិនចង់បង្កសង្រ្គាមដាក់គ្នាឡើយ៕