(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃចន្ទសប្តាហ៍នេះ បានឲ្យដឹងថា ប្រទេសលោកនឹងដាក់ទណ្ឌកម្មថ្មីហើយកាន់តែធ្ងន់ថែមទៀតលើប្រទេសអ៊ីរ៉ង់ នៅចំពោះមុខស្ថានការណ៍ដ៏តានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅឯសេតវិមាន ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមលើអ៊ីរ៉ង់។ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គោលដៅនៃកញ្ចប់ទណ្ឌកម្មថ្មីនេះ គឺរួមមានទាំងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei តែម្តង ក្នុងចំណោមមន្រ្តីអ៊ីរ៉ង់ជាច្រើនរូបទៀត។
គួរជម្រាបថា ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកំពុងមានភាពតានតឹងខ្លាំង ចាប់តាំងតែពីអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូនយោធារបស់អាមេរិក ហើយលោក ដូណាល់ ត្រាំ បានសម្រេចលុបចោលបញ្ជាឲ្យវាយប្រហារលើអ៊ីរ៉ង់ ដើម្បីជាការសងសឹកកាលពីសប្តាហ៍មុន៕