(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាសាន់ រូហានី នៅថ្ងៃអង្គារនេះ បានថ្កោលទោសយ៉ាងខ្លាំងចំពោះ ការដាក់ទណ្ឌកម្មជាថ្មីប្រឆាំងទីក្រុងតេហេរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិក ដោយចាត់ទុកថាវាបង្ហាញកាន់តែច្បាស់ ពីភាពឡប់សតិរបស់សេតវិមាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។
ការកត់សម្គាល់ខាងលើរបស់លោក រូហានី ធ្វើឡើងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋ និងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកប្រឆាំងអ៉ីរ៉ង់ ចូលជាធរមាននៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោក រូហានី បានគូសបញ្ជាក់ដូច្នេះថា៖ «ទណ្ឌកម្មប្រឆាំងអ៉ីរ៉ង់បានបង្ហាញថាសេតវិមានកាន់តែឡប់សតិ...ហើយទណ្ឌកម្ម ប្រឆាំងនឹងមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Khamenei មិនមានប្រសិទ្ធិភាពអ្វីឡើយពីព្រោះលោកគ្មានទ្រព្យសម្បត្តិ នៅក្រៅប្រទេស។ ម្យ៉ាងវិញទៀត ខ្ញុំក៏ចង់រំលឹកដែរថាយុទ្ធសាស្ត្រអត់ធ្មត់របស់អ៉ីរ៉ង់ មិនមានន័យថាយើងខ្លាច សហរដ្ឋអាមេរិកនោះទេ»។
គួរជាម្រាបថា នៅថ្ងៃចន្ទសប្ដាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei និងមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ជាច្រើននាក់ ខណៈទណ្ឌកម្មលើរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Mohmmad Javad Zarif ត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅចុងសប្ដាហ៍នេះ។ ទណ្ឌកម្មនេះទៀតសោត ត្រូវបានធ្វើឡើង ក្រោយអ៉ីរ៉ង់បានបាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍អាមេរិកមួយគ្រឿងកាលពីសប្ដាហ៍មុន៕