(ហាណូយ)៖ តុលាការវៀតណាមបានសម្រេចផ្ដន្ទាទោសជនជាតិអាមេរិក ដើមកំណើតវៀតណាម ម្នាក់ដាក់ពន្ធនាគារ ១២ឆ្នាំ ពីបទប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលកុម្មុយនីស្ដ នៃទីក្រុងហាណូយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋដកស្រង់ចេញផ្សាយដោយសារព័ត៌មាន US TODAY នៅព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩។
ប្រព័ន្ធផ្សព្វផ្សាយវៀតណាម តូយត្រេ (Tuoi Tre) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានឱ្យដឹងថាការកាត់ទោស លោក ម៉ៃឃើល ង្វៀន (Michael Nguyen) មានអាយុ ៥៥ឆ្នាំ ធ្វើឡើងបន្ទាប់ពីតុលាការរកឃើញថា លោកបានញុះញង់ឱ្យប្រជាជនវៀតណាម ធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋអំណាច ក៏ដូចជាវាយប្រហារលើ ការិយាល័យរដ្ឋាភិបាលជាច្រើននៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ ចំណែកឯភរិយា លោក Michael Nguyen គឺលោកស្រី ហេឡេន ង្វៀន (Helen Nguyen) ក៏បានចាត់ទុកដែរថា ការផ្ដន្ទាទោសស្វាមីរបស់ខ្លួនគឺមានន័យស្មើនឹងរដ្ឋាភិបាលវៀតណាម បានទះសហរដ្ឋអាមេរិកមួយកំផ្លៀង។
គួរបញ្ជាក់ថា ក្រៅពីលោក Michael Nguyen បុរសវៀតណាម ០២នាក់ផ្សេងទៀតឈ្មោះ ហ៊ុយ ដុកថាញ់ប៊ិញ (Huynh Duc Thanh Binh) អាយុ ២៣ឆ្នាំក៏ត្រូវបានតុលាការវៀតណាម កាត់ទោសដាក់ពន្ធនាគារ ១០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ត្រាន ឡុងភី (Tran Long Phi) អាយុ ២១ឆ្នាំដាក់ពន្ធនាគារ ០៨ឆ្នាំផងដែរពីបទប៉ុនប៉ងផ្ដួល រំលំរដ្ឋាភិបាលវៀតណាមដូចគ្នា។ ពួកគេទាំងនេះត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនកាលពី ខែកក្កដា ឆ្នាំ២០១៨ ក្នុងទីក្រុងហូជីមិញ៕