(បាងកក)៖ ខណៈសម័យប្រជុំលើកទី៤៣ នៃគណៈកម្មាធិការសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO បានចាប់ផ្តើមប្រព្រឹត្តទៅ សំណើរបស់ប្រទេសថៃស្តីពីការសុំចាត់បញ្ជូលទីតាំងចំនួនបី ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នឹងត្រូវលើកយកមកវាយតម្លៃក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។
សម័យប្រជុំលើកទី៤៣ របស់គណៈកម្មាធិការសម្បត្តិបេតិកភណ្ឌពិភពលោករបស់ UNESCO បានប្រារព្ធឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ហើយនឹងបន្តរហូតដល់ថ្ងៃទី១០ ខែកក្កដា។ កំឡុងកិច្ចប្រជុំនេះ ក្នុងចំណោមសំណើជាច្រើនទៀត អង្គការ UNESCO នឹងធ្វើការពិចារណាទៅលើទីតាំងចំនួនបី ដែលប្រទេសថៃប្រាថ្នាចង់ឲ្យទទួលបានឋានៈជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ក្នុងណោមទីតាំងទាំងបី ទីតាំងវប្បធម៌ទីមួយគឺជាឧទ្យានប្រវត្តិសាស្រ្តស្រីទេព (ស៊ីថេប) ដែលស្ថិតក្នុងខេត្តពេជ្របូណ៌ (Phetchabun) ខណៈទីតាំងទីពីរ គឺប្រាសាទភ្នំរូង (Phanom Rung) ប្រាសាទមឿងតាំ (Muang Tam) និងប្រាសាទផ្លៃបាត (Plai Bat) ដែលជាតំបន់ប្រាសាទស្ថិតក្នុងខេត្តបុរីរម្យ (ប៊ូរីរ៉ាំ)។ រីឯទីតាំងទីបី គឺឧទ្យានជាតិកែងក្រច័ន្ទ (Kaeng Krachan) ដែលស្ថិតនៅខេត្តពេជ្របុរី (Phetchaburi)។
គួរជម្រាបថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នឹងធ្វើការវាយតម្លៃលើសំណើនេះ នៅថ្ងៃទី០៤ និងទី០៥ ខែកក្កដានេះ៕