(ទ្រីប៉ូលី)៖ អាជ្ញាធរលីប៊ីក្នុងទីក្រុងទ្រីប៉ូលី បានឱ្យដឹងនៅថ្ងៃពុធនេះថាមនុស្សយ៉ាងហោចណាស់ ៤០នាក់ត្រូវបានសម្លាប់ និងជាង៨០នាក់រងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសលើមន្ទីរ ឃុំឃាំងជនអន្តោប្រវេសន៍ខុសច្បាប់មួយកន្លែង នៅជាយទីក្រុងទ្រីប៉ូលី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩។
Reuters ផ្អែកលើប្រភពពីមន្ត្រីសុខាភិបាលលីប៊ីម្នាក់ បានបញ្ជាក់ទៀតថាក្នុងចំណោមជនរងគ្រោះ ភាគច្រើនគឺជាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលកំពុងជាប់ឃុំនៅក្នុងមន្ទីរឃុំឃាំងនៅក្បែរទីក្រុង ទ្រីប៉ូលី ។ ចំណែកឯ តំណាងមន្ត្រីសុខាភិបាលនៃទីក្រុងទ្រីប៉ូលីម្នាក់ទៀត ក៏បានទទួលស្គាល់ដែរថា មនុស្ស៤០នាក់ពិតជាបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារតាមផ្លូវអាកាសនៅថ្ងៃពុធនេះប្រាកដមែន។
គួរបញ្ជាក់ថា មិនទាន់មានភាគីណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែវាកើតឡើងនៅចំពេលដែលកងកម្លាំងរដ្ឋាភិបាលទ្រីប៉ូលី និងកងកម្លាំងរដ្ឋាភិបាលភាគខាងកើត លីប៊ី កំពុងបើកការវាយប្រហារដាក់គ្នាទៅវិញទៅមក៕