(វ៉ាស៊ីនតោន)៖ បាតុករពីរនាក់ត្រូវបានចាប់ខ្លួនពីបទដុតទង់ជាតិអាមេរិក នៅកំឡុងការប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ពីមុខសេតវិមានរដ្ឋធានវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហ៊ួរ នារសៀលថ្ងៃសុក្រ ទី០៥ កក្តដា ២០១៩នេះ។
ហេតុការណ៍នេះ កើតឡើងក្នុងអំឡុងពេលពិធីបុណ្យឯករាជ្យអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី០៤កក្តដា (ពេលវេលានៅវ៉ាស៊ីនតោន) ដោយបុគ្គលម្នាក់ត្រូវបានចាប់ខ្លួន ពីបទប្រើអំពើហិង្សាលើមន្ត្រីសន្តិសុខ និងដុតទង់ជាតិអាមេរិក។ ចំណែកឯបាតុករម្នាក់ទៀត ត្រូវបានចាប់ខ្លួនពីបទរារាំងប៉ូលីសមិនឲ្យស៊ើបអង្កេត និងការគេចវេសមិនឲ្យប៉ូលិសចាប់ខ្លួន។
ប្រភពព័ត៌មានដដែលបានគូសបញ្ជាក់ទៀតថា ក្រុមបាតុករមួយក្រុមបានកាន់ដៃគ្នា បន្ទាប់ពីបានដុតទង់ជាតិអាមេរិករួច ហើយបានស្រែកព្រមៗគ្នាថា «អាមេរិក គឺមិនដែលអស្ចារ្យនោះទេ» ដែលសំដៅតបទៅពាក្យស្លោករបស់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលតែងតែឃោសនាជានិច្ចថា «នឹងធ្វើឱ្យអាមេរិកអស្ចារ្យឡើងវិញម្តងទៀត»។
គួរបញ្ជាក់ថា ការចាប់ខ្លួននេះត្រូវបានធ្វើឡើងប្រហែលជាពីរម៉ោង មុនពេលដែលលោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រៀមឡើងថ្លែងសុន្ទរកថា «គោរពជូនពរដល់ប្រជាជាតិអាមេរិក» នៅឯវិមានលីងខិន ដើម្បីអបអរទិវាឯករាជ្យជាតិ។ លើសពីនោះវាជាថ្ងៃឈប់សម្រាក នៃសហព័ន្ធទាំងមូលនៅទូទាំងសហរដ្ឋអាមេរិក ដើម្បីរំលឹកដល់សេចក្តីប្រកាសឯករាជ្យរបស់ខ្លួន កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៧៧៦៕