(ហាណូយ)៖ ក្រុមអ្នកជំនាញជាច្រើនយល់ថា វៀតណាមនៅតែបន្តទទួលបានផលប្រយោជន៍ ពីសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បើទោះជាវាកំពុងមានភាពធូរស្រាលក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩។
បច្ចុប្បន្នសេដ្ឋកិច្ចវៀតណាមត្រូវបានគេរំពឹងថា នឹងកាន់តែមានកំណើន ហើយអាចនឹងក្លាយ ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៅក្នុងតំបន់ នៅពេលអនាគតក៏ថាបាន ខណៈក្រុមហ៊ុន បរទេសធំៗដូចជា Samsung LG និង Microsoft បានវិនិយោគប្រាក់រាប់ពាន់លានដុល្លារ នៅក្នុងប្រទេសវៀតណាម ជាទីដែលកំពុងទាក់ទាញអ្នកវិនិយោគ និងក្រុមហ៊ុនបរទេស កាន់តែច្រើន។
ការរីកចំរើនយ៉ាងឆាប់រហ័សនេះ ក៏ត្រូវបានគេមើលឃើញផងដែរដោយសារតែ វៀតណាម ចេះឆក់ឱកាស និងទាញយកប្រយោជន៍ពីសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក។ ជាក់ស្ដែង សូម្បីតែប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានទទួលស្គាល់ផងដែរថា ទីក្រុងហាណូយកំពុងទាញយកប្រយោជន៍ពីសង្រ្គាមពាណិជ្ជកម្មនេះ។
លើសពីនេះទៅទៀត លោក ត្រាំ ថែមទាំងធ្លាប់ព្រមាននៅមុនពេលធ្វើដំណើរមកចូលរួមកិច្ចប្រជុំ G20 ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន កាលពីចុងខែមិថុនាថា នឹងដាក់ទណ្ឌកម្មលើវៀតណាម ទៀតផងដោយលោកចាត់ទុកថា «ជាប្រទេសរំលោភបំពានដ៏អាក្រក់បំផុតលើអ្នកដទៃ»។ លោក ត្រាំ បានលើកឡើងដូច្នេះថា «ក្រុមហ៊ុនជាច្រើនបានរើទៅកាន់ប្រទេសវៀតណាម... ប៉ុន្តែវៀតណាមបានទាញយកប្រយោជន៍ពីពួកយើង អាក្រក់ជាងចិនទៅទៀត»។
គួរជម្រាបថា វៀតណាមកាលពីខែមិថុនាកន្លងទៅ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសហភាពអឺរ៉ុប ដែលនេះបានធ្វើឱ្យប្រទេសជាគូប្រជែងដូចជា ថៃ និងសិង្ហបុរីជាដើម កាន់តែមើលឃើញពីសក្ដានុពលសេដ្ឋកិច្ចរបស់វៀតណាម ដែលកំពុងលេចត្រដែតឡើងនៅ លើឆាកអន្តរជាតិ។ ប៉ុន្តែព្រមពេលជាមួយគ្នា ក៏មានការព្រួយបារម្ភដែរអំពីការធ្វើពាណិជ្ជកម្ម មិនស្មើភាព ដោយទំនិញចិនដែលដឹកទៅកាន់សហរដ្ឋអាមេរិក តាមប្រទេសវៀតណាម អាចនឹងត្រូវគេវាយស្លាកសញ្ញា «Made in Vietnam» ដើម្បីទទួលបានការអុនគ្រោះពន្ធជាដើម៕