(អាតែន)៖ លោក Kyriakos Mitsotakis ដែលជាប្រធានគណបក្សអភិរក្សនិយមប្រជាធិបតេយ្យថ្មី (New Democracy) នាថ្ងៃចន្ទនេះ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសក្រិច ក្រោយពីគណបក្សលោកទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតសកលមុនអាណត្តិកាលពីថ្ងៃអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩។
ពិធីស្បថកាន់តំណែងត្រូវបានរៀបចំឡើងនៅឯវិមានប្រធានាធិបតីក្រិច។ ក្រោយមកលោក Mitsotakis វ័យ៥១ឆ្នាំ ក៏បានឆ្ពោះទៅកាន់វិមាននាយករដ្ឋមន្រ្តីក្រិចហៅថា Maximos Mansion ដើម្បីទទួលភារកិច្ចបន្តពីអតីតនាយករដ្ឋមន្រ្តី គឺលោក Alexis Tsipras។ គណបក្ស SYRIZA របស់លោក Tsipras ទទួលបានសំឡេងគាំទ្រ៣១.៤ភាគរយ ជាមួយអាសនៈចំនួន៨៦ ខណៈគណបក្ស New Democracy របស់លោក Mitsotakis ទទួលបានសំឡេងគាំទ្រ៣៩.៨៥ភាគរយ ជាមួយអាសនៈ១៥៨ ក្នុងចំណោមអាសនៈសរុបចំនួន៣០០អាសនៈ។
គួរជម្រាបថា លើកចុងក្រោយដែលនាយករដ្ឋមន្រ្តីក្រិច បានឡើងកាន់អំណាច ជាមួយសំឡេងភាគច្រើននៅក្នុងសភាបែបនេះ គឺកាលពីខែតុលា ឆ្នាំ២០០៩ នៅពេលលោក George Papandreou និងគណបក្សសង្គមនិយម PASOK របស់លោក បានទទួលជ័យជម្នះយ៉ាងធំធេង គឺនៅមុនការចាប់ផ្តើមនៃវិបត្តិបំណុលរដ្ឋាភិបាលក្រិចតែបន្តិចប៉ុណ្ណោះ។ រីឯការបោះឆ្នោតសកលខាងលើ ក៏ជាលើកដំបូងផងដែរ គិតតាំងតែពីក្រិចបានបញ្ចប់ការទទួលប្រាក់កម្ចីពីអឺរ៉ុបដល់ទៅបីលើក ដែលមានទំហំជិត៣៦០ពាន់លានដុល្លារ ដើម្បីរំដោះបំណុល៕