(តេហរ៉ង់)៖ ជាការឆ្លើយតបនឹងទណ្ឌកម្មអាមេរិក ក៏ដូចជាភាពអសកម្មរបស់អឺរ៉ុប អ៉ីរ៉ងបាន សម្រេចចិត្តបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ ឱ្យលើសកម្រិត ៣.៦៧ភាគរយ ដែលត្រូវបានដាក់កំហិតនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ឆ្នាំ២០១៥។

នៅថ្ងៃចន្ទ សប្ដាហ៍នេះ អ៉ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិត ៤.៥ភាគរយ ហើយ កំពុងពិចារណាបង្កើនការចម្រាញ់ឱ្យដល់ ២០ភាគរយ។ បន្ថែមពីលើនេះ ទីក្រុងតេហេរ៉ង់ ក៏ទើបតែបានចម្រាញ់អ៊ុយរ៉ាញ៉ូមកម្រិតទាប៣០០គីឡូក្រាមផងដែរ កាលពីសប្ដាហ៍មុន។

តើអ៉ីរ៉ង់បង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដើម្បីផលិតអាវុធនុយក្លេអ៊ែរ ឬក៏គ្រាន់តែចង់បង្ខំ ឱ្យអ៉ឺរ៉ុប ឬអាមេរិកត្រឡប់មករកតុចរចាវិញ?

* តើអ៉ីរ៉ង់អាចធ្វើអ្វីបានខ្លះជាមួយការចម្រាញ់អ៊ុយរ៉ាញ៉ូម ២០ភាគរយ?

ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិត ៤.៥ភាគរយគឺអាចផ្គត់ផ្គង់គ្រប់គ្រាន់ដល់តម្រូវការ ថាមពលនៅក្នុងប្រទេសអ៉ីរ៉ង់។ នេះបើតាមអ្នកនាំពាក្យទីភ្នាក់ងារនុយក្លេអ៊ែរអ៉ីរ៉ង់ ជាមួយការបន្ថែមដែរថាពីមុន អ៉ីរ៉ង់មានរោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់នៅឯទីក្រុង Bushehr ហើយពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលឥន្ធនៈពីរុស្ស៊ី។

យ៉ាងណាក៏ដោយ ២០ភាគរយ នៅតែជាកម្រិតទាបនៅឡើយ ពោលគឺបើចង់ផលិតអាវុធ នុយក្លេអ៊ែរ អ៉ីរ៉ង់ត្រូវការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឱ្យបាន៩០ភាគរយឯណោះ។ ម្យ៉ាងវិញ ទៀត បើតាមអ្នកជំនាញ ដូចជាលោក Tariq Rauf ដែលជាអតីតមន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារ អន្តរជាតិថាមពលអាតូមិច (IAEA) នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយផលិត អាវុធនុយក្លេអ៊ែរតែមួយគ្រាប់នោះទេ ហើយការផលិត អាវុធប្រល័យលោកច្រើនជាងមួយគ្រាប់ គឺតម្រូវឱ្យអ៉ីរ៉ង់ប្រើពេលជាច្រើនឆ្នាំ ក្នុងការដំណើរការណ៍រ៉េអាក់ទ័រចម្រាញ់អ៊ុយរ៉ាញ៉ូមចាស់ៗ ឡើងវិញ។

ដូច្នេះហើយ លោកយល់ថាក្នុងស្ថានភាពបច្ចុប្បន្ន អ៉ីរ៉ង់គ្រាន់តែចង់ប្រាប់អឺរ៉ុប និងសហរដ្ឋអាមេរិក ថាបើនៅតែបង្ខំ ឬគ្មានដំណោះស្រាយ ទីក្រុងតេហេរ៉ង់ គ្មានជម្រើសអ្វីផ្សេងក្រៅតែពីបើក ដំណើរការណ៍រ៉េអាក់ទ័រចម្រាញ់អ៊ុយរ៉ាញ៉ូមចាស់ៗឡើងវិញ ប៉ុណ្ណោះ។

* ប្រតិកម្មរបស់អឺរ៉ុប

ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បានព្រមានឱ្យអ៉ីរ៉ង់បញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែល រំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ស្របពេលប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង យល់ព្រមបើកកិច្ចសន្ទនាជាមួយអ៉ីរ៉ង់ ប៉ុន្តែក៏បានក្រើនរំឭកផងដែរថាផលវិបាកជាច្រើន នឹងកើតមានឡើង បើទីក្រុងតេហេរ៉ង់ នៅតែបន្តចម្រាញ់អ៊ុយរ៉ាញ៉ូម។

ដោយឡែក ជុំវិញប្រតិកម្មនេះដែរ លោក Paul Heroux ជាអ្នកជំនាញកិច្ចការតំបន់មជ្ឈិមបូព៌ា បានកត់សម្គាល់ថា អឺរ៉ុបទំនងជានឹងមិនដាក់ទណ្ឌកម្មលើអ៉ីរ៉ង់ តាមសហរដ្ឋអាមេរិកនោះឡើយ ដោយសារតែពួកគេគិតថា បច្ចុប្បន្នអ៉ីរ៉ង់មិនមែនជាបញ្ហាធំ។ ប៉ុន្តែ អឺរ៉ុបអាចនឹងដើរតួជាភាគីទីបី ដោយមិនឈរនៅខាងសហរដ្ឋអាមេរិកទាំងស្រុង ហើយក៏មិននៅខាងអ៉ីរ៉ង់ដែរ។

* អ៉ីរ៉ង់ចង់បានអ្វីឱ្យប្រាកដ?

បើតាមលោក Paul Heroux អ៉ិរ៉ង់ទំនងជាអាចនឹងយកគំរូតាមកូរ៉េខាងជើង ក្នុងការផលិតអាវុធ នុយក្លេអ៊ែរ។ លោក Heroux បានលើកឡើងដូច្នេះថា៖ «ឈរលើមូលដ្ឋាន ដែលលោក ដូណាល់ ត្រាំ បានផ្ដល់ការគោរព និងសម្បទានមួយចំនួនដល់ទីក្រុងព្យុងយ៉ាង អ៉ីរ៉ង់អាចនឹងសម្លឹងមើល ការផលិតអាវុធនុយក្លេអ៊ែរដែរ ដើម្បីមានទឹកមាត់ប្រៃនិយាយជាមួយអាមេរិក»។

ប៉ុន្តែ លោក Daniel McAdams មកពីវិទ្យាស្ថាន Ron Paul ដើម្បីសន្តិភាព និងការរីកចំរើន យល់ផ្សេងពីនេះ ដោយលោកគិតថាអ៉ីរ៉ង់ បង្កើនការចម្រាញ់ និងស្ដុកទុកអ៊ុយរ៉ាញ៉ូមឡើងវិញ គ្រាន់តែដើម្បីចង់បង្ខំឱ្យអ៉ឺរ៉ុប ឬអាមេរិកត្រឡប់មករកតុចរចាវិញតែប៉ុណ្ណោះ។

គួរជម្រាបថា ក្រៅតែពីបង្កើនការចម្រាញ់អ៊ុយរ៉ាញ៉ូមឡើងវិញ អ៉ីរ៉ង់ក៏បានព្រមានអឺរ៉ុបដែរថាខ្លួននឹង
កាត់បន្ថយ ឬក៏លុបចោលការប្ដេជ្ញាចិត្តនានា នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជារៀងរាល់៦០ថ្ងៃ ម្ដង បើអឺរ៉ុបមិនអាចជួយសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរបាន ខណៈអាមេរិកដកខ្លួនចេញដោយ ឯកភាគី និងកំពុងដាក់ទណ្ឌកម្មប្រឆាំងអ៉ីរ៉ង៕

ប្រភព៖ RT