(វ៉ាស៊ីនតោន)៖ ការយល់ព្រមលក់អាវុធមានតម្លៃ ២.២ពាន់លានដុល្លារ ឱ្យកោះតៃវ៉ាន់ នៅដើម សប្ដាហ៍នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់សន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ទាំងមូល។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដកស្រង់ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។
ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃចន្ទ បានយល់ព្រមលក់រថក្រោះ M1A2T Abrams ១០៨ គ្រឿង បូកជាមួយបរិក្ខាពាក់ព័ន្ធ និងមីស៊ីល Stinger ២៥០គ្រឿង តបតាមសំណើរបស់ កោះតៃវ៉ាន់។ រថក្រោះទាំងនេះត្រូវបានគេប៉ាន់ប្រមាណមានតម្លៃ ២ពាន់លានដុលា្លរ រីឯមីស៊ីល Stinger មានតម្លៃ ២២៣លានដុល្លារ ហើយការលក់អាវុធនេះទៀតសោត ត្រូវបានចាត់ទុកថា ជាការជួយលើកកម្ពស់សន្តិភាពនៅក្នុងតំបន់។
ជាក់ស្ដែង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Morgan Ortagus បានលើកឡើងដូច្នេះថា៖ «ការលក់អាវុធទាំងនេះគឺមានគោលដៅជួយ លើកកម្ពស់សន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ទាំងមូល... ព្រមទាំងដើម្បីជួយពង្រឹងសមត្ថភាព ការពារជាតិរបស់តៃវ៉ាន់។ ប៉ុន្តែ ការគោរពគោលនយោបាយចិនតែមួយរបស់យើង នឹងមិនប្រែប្រួល ឡើយ»។ គោលនយោបាយចិនតែមួយ គឺការទទួលស្គាល់ថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ចិន។
គួរជម្រាបថា ទីក្រុងប៉េកាំង ក៏បានសម្ដែងការជំទាស់ និងស្នើឱ្យសហរដ្ឋអាមេរិកលុបចោលជាបន្ទាន់ គម្រោងលក់អាវុធឱ្យកោះតៃវ៉ាន់ផងដែរ បើមិនចង់ឱ្យទំនាក់ទំនងអាមេរិក -ចិន ត្រូវបានបំផ្លាញ ខណៈភាគីទំាងពីរ កំពុងស្វះស្វែងរកកិច្ចព្រមព្រៀមបញ្ចប់សង្រ្គាមពាណិជ្ជកម្មនឹងគ្នា៕