(វ៉ាស៊ីនតោន)៖ ទីបំផុតឯកអគ្គរាជទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិក លោក គីម ដារ៉ូច (Kim Darroch) បានសម្រេចចិត្តថា នឹងចុះចេញពីតំណែងរបស់លោកហើយ ក្រោយពីបែកធ្លាយសារសម្ងាត់ដែលលោកបាននិយាយរិះគន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខណៈលោក ត្រាំ ក៏ទើបបញ្ចេញប្រតិកម្មតបនឹងសាររបស់លោក ដារ៉ូច រួចថ្មីៗនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាល្ងាចថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។
លោក គីម ដារ៉ូច បានបញ្ជាក់នៅពេលធ្វើការសម្រេចចិត្ត លាលែងពីតំណែងយ៉ាងដូច្នេះថា លោកចង់បញ្ចប់តួនាទីខ្លួនឯង ព្រោះវាមិនអាចទៅរួចនោះឡើយសម្រាប់លោក នៅក្នុងការបន្តកាន់តួនាទីក្នុងស្ថានការណ៍បែបនេះ។ ការិយាល័យក្រសួងការបរទេសអង់គ្លេសក៏បានបញ្ជាក់ផងដែរថា លោក ដារ៉ូច នឹងធ្វើការលែងជាផ្លូវការនៅថ្ងៃពុធ ទី១០ ខែកក្កដា (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន)។
គួរបញ្ជាក់ថា ស្ថិតនៅចំពោះមុខអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យសប្តាហ៍មុន លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អគ្គរាជទូតលោក Darroch មិនបានធ្វើកិច្ចការ ឬរឿងល្អណាមួយឱ្យអង់គ្លេស ទាល់តែសោះ... នេះជាអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នា។ យើងក៏មិនមែនជាអ្នកគាំទ្រដ៏ធំ របស់បុរសម្នាក់នេះដែរ គាត់មិនដែលធ្វើរឿងល្អសម្រាប់អង់គ្លេសទេ ហើយខ្ញុំអាចនិយាយ រឿងជាច្រើនពីបុរសម្នាក់នេះ តែខ្ញុំនឹងមិនខ្វាយខ្វល់អ្វីឡើយ»។
ប្រតិកម្មរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្រោយសារព័ត៌មានអាមេរិកនានា នាំគ្នាចុះផ្សាយថា លោក Darroch បានហៅ និងចាត់ទុកប្រធានាធិបតីអាមេរិករូបនេះជា «មនុស្សគ្មានសមត្ថភាព និងភាពប្រាកដប្រជា»។ លោក Darroch លើកឡើងបែបនេះនៅក្នុង សារសំងាត់ជាច្រើនចុះកាលបរិច្ឆេទឆ្នាំ២០១៧ រហូតមកទល់នឹងបច្ចុប្បន្ន ដែលត្រូវបានផ្ញើ ចេញពីសហរដ្ឋអាមេរិក ទៅកាន់ក្រសួងការបរទេសអង់គ្លេស។ ទន្ទឹមគ្នានោះ ក្រសួងការបរទេសអង់គ្លេសក៏បានបើកការស៊ើបអង្កេត លើការលេចធ្លាយសារទាំងនេះផងដែរ៕