(ម៉ូណាកូ)៖ នាថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសម៉ូណាកូបានក្លាយជាប្រទេសដំបូងគេនៅតំបន់អឺរ៉ុប ដែលបានសម្ពោធឲ្យប្រើប្រាស់បណ្តាញសេវាទូរស័ព្ទចល័តជំនាន់ចុងក្រោយបំផុត 5G ដោយផ្អែកលើបច្ចេកវិទ្យារបស់ក្រុមហ៊ុនចិន Huawei។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។
កាលពីខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុនទូរគមនាគមន៍ Monaco Telecom បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Huawei ដើម្បីប្រែក្លាយដែនដីដ៏តូចមួយនេះ ទៅជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលគ្រប់ដណ្តប់ដោយសេវា 5G ទាំងស្រុង។ ក្រុមហ៊ុន Huawei បានបង្ហាញភាពសុទិដ្ឋនិយមថា ទោះផ្ទៃដីប្រទេសម៉ូណាកូតូចក៏ដោយក្តី ការដាក់ដំណើរការបច្ចេកវិទ្យា 5G របស់ខ្លួន នៅទីនេះគឺជាឱកាសដ៏ធំមួយ និងជាគំរូសម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ក៏ដូចជាប្រទេសដទៃៗទៀត។
ក្រុមហ៊ុន Huawei បានឲ្យដឹងថា ខ្លួនទទួលបានកិច្ចសន្យាសរុបចំនួន៥០ នៅទូទាំងពិភពលោក ពាក់ព័ន្ធនឹងកិច្ចសហការ 5G ក្នុងនោះមានក្រុមហ៊ុនអឺរ៉ុបចំនួន២៨។ កាលពីខែមេសាកន្លងទៅ កូរ៉េខាងត្បូង បានប្រកាសសម្ពោធឲ្យដំណើរការបណ្តាញទូរស័ព្ទចល័ត 5G នៅទូទាំងផ្ទៃប្រទេសដំបូងគេលើពិភពលោក ខណៈប្រទេសមួយចំនួននៅអឺរ៉ុប ទើបតែបានចាប់ផ្តើមការដាក់ពង្រាយបច្ចេកវិទ្យាបណ្តាញសេវាជំនាន់ចុងក្រោយនេះប៉ុណ្ណោះ។
គួរជម្រាបថា ម៉ូណាកូ គឺជាប្រទេសតូចបំផុតទីពីរ បន្ទាប់ពីបុរីវ៉ាទីកង់ ជាមួយផ្ទៃដីត្រឹមជាង២គីឡូម៉ែត្រក្រឡា និងមានប្រជាជនរស់នៅប្រមាណជិត៤ម៉ឺននាក់៕