(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យមាន ការស៊ើបអង្កេតមួយលើគម្រោងយកពន្ធរបស់រដ្ឋាភិបាលបារាំងពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យា អាមេរិក ខណៈការស៊ើបអង្កេតនេះត្រូវបានគេរំពឹងថាអាចនឹងបង្កទៅជាជម្លោះពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធ សប្ដាហ៍នេះ តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិក ពិតជា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគម្រោងយកពន្ធពីក្រុមហ៊ុនអាមេរិក ដែលអាចនឹងត្រូវបាន ព្រឹទ្ធសភាបារាំងអនុម័តនៅក្នុងពេលឆាប់ៗនេះ...ដូច្នេះការស៊ើបអង្កេតនឹងត្រូវធ្វើឡើងដើម្បី បញ្ជាក់ថា តើចំណាត់ការរបស់រដ្ឋាភិបាលបារំាង ជាការអនុវត្តពាណិជ្ជកម្ម មិនត្រឹមត្រូវ ឬក៏យ៉ាងណា»។
គួរបញ្ជាក់ថា កាលពីខែមីនា កន្លងទៅ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បាននិយាយថា បារាំងអាចនឹងប្រមូលពន្ធ ៣ភាគរយ ពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៣០ ដែលរកប្រាក់ចំណូលប្រចាំឆ្នាំបានច្រើនជាង ៨៤៤លានដុល្លារ ក្នុងនោះរួមមានទាំងក្រុមហ៊ុន Facebook, Google, Apple និង Amazon ជាដើម៕