(ប៉េកាំង)៖ ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិបានបង្ហាញពីចេតនាចង់ប្រើប្រាស់ចានតេឡេស្កូបយក្សរបស់ចិន FAST ដើម្បីតាមរុករក​​ភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ (Exoplanet) ដែលមានស្រទាប់ម៉ាញេទិចដូចផែនដីយើង និងស្ថិតនៅចម្ងាយខ្ទង់១០០ឆ្នាំពន្លឺ​ពី​ភព​របស់យើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩។

ក្រុមតារាវិទូមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក ក្នុងនោះរួមមានចិននិងបារាំងជាដើម ទើបតែបានចេញផ្សាយនូវគម្រោង​អង្កេតផ្ទៃមេឃរបស់ពួកគេ តាមរយៈការប្រើប្រាស់ចានតេឡេស្កូប FAST របស់ប្រទេសចិន។ អ្នកវិទ្យាសាស្រ្តចិន លោក Li Di បាន​និយាយថា ភពដែលអំណោយផល មិនគួរមានផ្ទុកតែទឹក រួមជាមួយសីតុណ្ហភាពនិងបរិយាកាសដែលស័ក្តិសមនោះឡើយ តែក៏​គួរ\មានស្រទាប់ម៉ាញេទិចផងដែរ ព្រោះស្រទាប់ម៉ាញេទិចរបស់ផែនដីមានសារសំខាន់ជាខ្លាំង ក្នុងការការពារជីវិតពី​កាំរស្មី​គ្រោះថ្នាក់ផ្សេងៗនៃទីអវកាស។

គួរជម្រាបថា ចានតេឡេស្កូប FAST ដែលស្ថិតនៅខេត្ត គួយចូវ (Guizhou) ភាគនិរតីប្រទេសចិន និងមានទំហំធំជាងគេបង្អស់លើលោកជាមួយមុខកាត់ ៥០០ម៉ែត្រ។ វាមិនមែនជាទីកន្លែងសម្រាប់​តែក្រុមតារាវិទូ និងអ្នកវិទ្យសាស្ត្រចិននោះឡើយ ប៉ុន្តែចានតេឡេស្កូបនេះគឺស្ថិតក្នុងកិច្ចសហការ​ជាមួយស្ថាប័នតារាសាស្ត្រ និងវិទ្យាសាស្ត្រអន្តរជាតិជាច្រើន ដើម្បីសិក្សារួមគ្នាពីរបកគំហើញថ្មីៗ​នៅទីអវកាស ជាពិសេសគឺពាក់ព័ន្ធនឹងវិស័យតារាសាស្ត្រនេះតែម្តង។

ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការជាលក្ខណៈសាកល្បង កាលពីខែកញ្ញា ឆ្នាំ២០១៦មក ចានតេឡេស្កូប FAST ភាគច្រើន បានរក​ឃើញតារាប្រភេទ Pulsar ដែលជាពពួកផ្កាយណឺត្រុងពណ៌ស បញ្ចេញថាមពលខ្លាំងៗក្នុងទីអវកាស៕