(ញូយ៉ក)៖ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) បានទៅដល់សហរដ្ឋអាមេរិកហើយ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ខណៈការធ្វើដំណើរនេះ ស្ថិតក្រោមក្រសែភ្នែកយ៉ាងមុតស្រួចរបស់ ទីក្រុងប៉េកាំង ដែលបានចេញមុខជំទាស់ហើយជំទាស់ទៀត ដោយមិនចង់ឲ្យទីក្រុងវ៉ាស៊ីនតោនទទួល លោកស្រី Tsai ឲ្យឆ្លងកាត់ទឹកដីអាមេរិកឡើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩។

បើតាមកាលវិភាគធ្វើដំណើរ លោកស្រី Tsai នឹងចំណាយពេលសរុប ០៤យប់ស្នាក់នៅក្នុងទឹកដីសហរដ្ឋអាមេរិក ពោលគឺពីរយប់ពេលទៅដល់ និងពីរយប់ក្រោយត្រឡប់ពីបំពេញទស្សនកិច្ច នៅប្រទេសចំនួន ០៤ក្នុងតំបន់ការីបៀនវិញ។ ខណៈពេលនេះលោកស្រីបានចុះចតនៅឯទីក្រុងញូយ៉ក ហើយពេលត្រឡប់មកវិញលោកស្រី Tsai នឹងចុះនៅទីក្រុង ឌែនវើ (Denver) រដ្ឋកាលីហ្វរញ៉ា។

លើកចុងក្រោយដែលលោកស្រី Tsai មានវត្តមាននៅអាមេរិក គឺកាលពីខែមីនាកន្លងទៅនេះ នៅពេលដែលលោកស្រីបានទៅបំពេញទស្សនកិច្ច នៅបណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក ប៉ុន្តែការចំណាយពេលវេលាលើកនេះនៅសហរដ្ឋអាមេរិក នឹងយូរជាងរាល់ដង ព្រោះជាធម្មតាលោកស្រី បានចំណាយពេលត្រឹមតែមួយយប់ប៉ុណ្ណោះ ពេលឈប់ឆ្លងកាត់ដី អាមេរិកម្តងៗ។

ការធ្វើទស្សនកិច្ចបែបនេះ តែងតែត្រូវបានរៀបចំឡើងជារឿយៗ ខណៈបណ្តាប្រទេសមួយចំនួននៅអាមេរិកកណ្តាល និងនៅ ក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក នៅតែបន្តរក្សាទំនាក់ទំនងជាមួយកោះតៃវ៉ាន់។ បច្ចុប្បន្នតៃវ៉ាន់មានទំនាក់ទំនងការទូតផ្លូវការ ជាមួយប្រទេសត្រឹមតែចំនួន ១៧ប៉ុណ្ណោះ ដែលស្ទើរតែទាំងស្រុងគឺជាប្រទេសនៅតាមតំបន់ទាំងនេះ។

ក្រោយចាកចេញពីញូយ៉ក លោកស្រីប្រធានាធិបតីតៃវ៉ាន់ នឹងចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេស គ្រីណេដាញ (St Vincent & the Grenadines), លូស៊ីយ៉ា ឃីត ណេវីស (St Lucia, St Kitts & Nevis), និងហៃទី ប៉ុន្តែកំឡុងពេលនៅញូយ៉ក លោកស្រី Tsai នឹងជួបជាមួយសមាជិកនៃសហគមន៍តៃវ៉ាន់នៅទីនោះ ព្រមទាំង ឯករដ្ឋទូតនៃបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់កោះតៃវ៉ាន់ ប្រចាំនៅអង្គការសហប្រជាជាតិផងដែរ។

គួរជម្រាបថា រដ្ឋាភិបាលទីក្រុងប៉េកាំងដែលចាត់ទុកកោះតៃវ៉ាន់ ត្រឹមជាខេត្តមួយរបស់ប្រទេសចិន តែងតែបានអំពាវនាវយ៉ាងទទូចឲ្យសហរដ្ឋអាមេរិក កុំផ្តល់ការអនុញ្ញាតឲ្យលោកស្រី Tsai ឈប់ឆ្លងកាត់ទឹកដីរបស់ខ្លួន កំឡុងការបំពេញទស្សនកិច្ចក្រៅប្រទេសរបស់លោកស្រី នៅតំបន់ក្បែរនោះឲ្យសោះ។ យ៉ាងណាមិញ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកពុំមានភាពប្រែប្រួល ក្នុងការគោរពចំពោះគោលនយោបាយចិនតែមួយឡើយ៕