(អ៊ីស្លាម៉ាបាដ)៖ ចំនួនមនុស្សស្លាប់បានកើនដល់ ២១នាក់ និងរបួសដល់ជា ១០០នាក់ ក្នុងគ្រោះថ្នាក់រថភ្លើងពីរខ្សែបុកគ្នា នៅភាគខាងកើតប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩។
លទ្ធផលបឋមនៃការស៊ើបអង្កេតបានបង្ហាញថា គ្រោះថ្នាក់បុកគ្នារវាងរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញ ដែលកើតមានឡើងនៅក្នុងទីក្រុង រ៉ាហ៊ីម យ៉ាខាន់ (Rahim Yar Khan) នៃខេត្តផាន់ចាប់ (Punjab) គឺបណ្តាលមកពីបញ្ហាភ្លើងសញ្ញានៅលើ ផ្លូវដែកដែលរថភ្លើងដឹកអ្នកដំណើរមួយខ្សែនោះធ្វើដំណើរ ទើបបានបណ្តាលឲ្យវាជ្រុលទៅបុករថភ្លើងដឹកទំនិញ ដែលចតនៅក្នុងស្ថានីរថភ្លើងនៃទីក្រុង Rahim Yar Khan តែម្តង។
គួរជម្រាបថា ក្រោយឧបទ្ទវហេតុខាងលើ ប្រតិបត្តិការក្នុងស្ថានីយរថភ្លើងកើតហេតុ ត្រូវបានផ្អាករយៈពេល១០ម៉ោង មុនបន្តប្រព្រឹត្តទៅជាធម្មតាឡើងវិញ៕