(រីយ៉ូ)៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្សែរ បូលសូណារ៉ូ (Jair Bolsonaro) បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា លោកមិនព្រួយបារម្ភ និងខ្វល់ខ្វាយពីការរិះគន់ ដែលលោកបានទទួល ចំពោះការតែងតាំងកូនប្រុសរបស់លោកឈ្មោះ អេឌូអាឌូ បូលសូណារ៉ូ (Eduardo Bolsonaro) ឲ្យកាន់តួនាទីជាឯកអគ្គរដ្ឋទូតប្រេស៊ីល ប្រចាំនៅសហរដ្ឋអាមេរិកនោះឡើយ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហ៊ួ នារសៀលថ្ងៃសៅរ៍ ទី១៣ ខែកក្តដា ឆ្នាំ២០១៩នេះ។

ចាប់តាំងពីលោកប្រធានាធិបតីរូបនេះ បានបញ្ជាក់ពីលទ្ធភាព នៃការតែងតាំងកូនប្រុសរបស់លោក ជាឯកអគ្គរដ្ឋទូតប្រេស៊ីល ប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោកត្រូវបានគេរិះគន់ថា ជាមនុស្សបក្ខពួកនិយម ដែលតែងតាំងកូនប្រុសរបស់ខ្លួន ដែលខ្វះបទពិសោធន៍ខាងវិស័យការទូត ដើម្បីមកកាន់កាប់មុខតំណែងដ៏ស្មុគស្មាញបំផុតមួយ នៅក្នុងវិស័យការទូតរបស់ប្រេស៊ីល។

លោក ហ្សែរ បូលសូណារ៉ូ (Jair Bolsonaro) បាននិយាយថា កូនប្រុសរបស់លោក ដែលបច្ចុប្បន្ននេះជាអ្នតំណាងរាស្រ្តសហព័ន្ធ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់លើកឲ្យកាន់តំណែងនេះ។ លោកបានគូសបញ្ជាក់ទៀតថា អេឌូអាឌូ បូលសូណារ៉ូ (Eduardo Bolsonaro) ជាមិត្តសម្លាញ់របស់កូនៗរបស់លោកប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ អាចនិយាយភាសាអង់គ្លេស និងអេស្ប៉ាញបានយ៉ាងស្ទាត់ជំនាញ។ ហើយក៏ជាប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេស នៅសភាប្រេស៊ីលផងដែរ។

ដោយឡែក លោកអេឌូអាឌូ បូលសូណារ៉ូ (Eduardo Bolsonaro) បាននិយាយថា លោកនឹងទទួលយកតំណែងនេះ ប្រសិនបើលោកត្រូវបានគេតែងតាំងពិតប្រាកដមែន។ លោកបានបន្ថែមថា កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍នេះ លោកបានជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសប្រេស៊ីល លោក អេឌូអាឌូ អារ៉ូចូ (Eduardo Araujo) ហើយបាននិយាយថាលោករដ្ឋមន្ត្រីរូបនេះ ក៏បានគាំទ្រការតែងតាំងរបស់លោកដែរ។

គួរបញ្ជាក់ថា នៅប្រេស៊ីល ការតែងតាំងឯកអគ្គរដ្ឋទូតណាមួយ ត្រូវតែធ្វើឡើង ដោយប្រធានាធិបតីផ្ទាល់ ប៉ុន្តែបេក្ខជននោះត្រូវឆ្លងកាត់ការអនុម័តយល់ព្រមពីព្រឹទ្ធសភា និងសភាតំណាងរាស្រ្ត ទើបអាចសម្រេចជាផ្លូវការបាន។ ស្ថានទូតប្រេស៊ីលប្រចាំនៅ រដ្ឋធានីវ៉ាស៊ីនតោន លែងមានឯកអគ្គរដ្ឋទូតចាប់តាំងពីខែមេសា ឆ្នាំ២០១៩នេះ នៅពេលលោក Jair Bolsonaro បានផ្ទេរឯកអគ្គរដ្ឋទូតមុន ឲ្យត្រឡប់មកធ្វើការក្នុងក្រសួងការបរទេសប្រេស៊ីលវិញ៕