(ញូយ៉ក)៖ បញ្ហាដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំមួយ បានកើតមាននៅតាមតំបន់មួយផ្នែកធំនៃសង្កាត់ Manhattan ក្នុងទីក្រុងញូយ៉កដ៏មមាញឹករបស់សហរដ្ឋអាមេរិក នាយប់ថ្ងៃ​សៅរ៍សប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) ខណៈអាជ្ញាធរនិងក្រុមហ៊ុនពាក់ព័ន្ធ កំពុងព្យាយាមខិតខំស្តារថាមពលឡើងវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩។

បើតាមក្រុមហ៊ុនផ្តល់សេវាផ្គត់ផ្គង់ថាមពលអគ្គិសនី Con Edison នៅក្នុងតំបន់ មនុស្សសរុបជាង៤៤,០០០នាក់ បានរងការប៉ះពាល់ពីបញ្ហានេះ ហើយប្រព័ន្ធមធ្យោបាយធ្វើដំណើរក៏ដូចគ្នា ជាពិសេសប្រព័ន្ធរថភ្លើងក្រោមដីរបស់ ទីក្រុងធំបំផុតរបស់អាមេរិកមួយនេះ ដោយស្ថានីយ០៤កន្លែង ត្រូវបានបិទទ្វារព្រោះតែគ្មានថាមពលអគ្គិសនី។

គួរជម្រាបថា យោងតាមការបង្ហោះសារលើបណ្តាញសង្គម Twitter ពីសំណាក់អភិបាលក្រុងញូយ៉ក លោក Bill de Blasio បញ្ហាបាត់បង់ថាមពលអគ្គិសនីនេះ គឺបង្កឡើងពីអគ្គីភ័យនៅក្រោមដីមួយកន្លែង។ ទន្ទឹមគ្នានេះ ថាមពលក៏ត្រូវស្តារបានមកវិញជាបណ្តើរៗហើយផងដែរ ហើយស្ថានការណ៍អាចនឹងវិលដូចដើមទាំងស្រុងក្នុងពេលពីរទៅបីម៉ោងខាងមុខ៕