(អ៊ីស្រាអែល)៖ កងទ័ពអាកាសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ទើបតែទទួលបានយន្តហោះចម្បាំងដ៏ទំនើប F-35 ចំនួនពីរគ្រឿងថ្មីពីសហរដ្ឋអាមេរិក ដើម្បីបង្កើតសមត្ថភាពប្រយុទ្ធតាមផ្លូវអាកាសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។
បើតាមយោធាអ៊ីស្រាអែល យន្តហោះចម្បាំងប្រភេទបំបាំងកាយទាំងពីរគ្រឿងខាងលើ បានហោះមកចុះនៅមូលដ្ឋានទ័ពអាកាស ណេវ៉ាទីម (Nevatim) ភាគខាងត្បូងប្រទេសអ៊ីស្រាអែល ក្រោយពីពួកវាបានធ្វើដំណើរមកពីព្រលានយន្តហោះមួយ របស់ក្រុមហ៊ុន ឡុកឃីដម៉ាទីន (Lockheed Martin) ស្ថិតក្នុងរដ្ឋតិចសាស់ភាគខាងត្បូងសហរដ្ឋអាមេរិក ដែលជាអ្នកផលិតយន្តហោះចម្បាំងនេះ។
គួរជម្រាបថា យន្តហោះចម្បាំង F-35 ថ្មីទាំងពីរគ្រឿងស្ថិតនៅក្រោមកញ្ចប់នៃការបញ្ជាទិញ F-35 សរុប ៥០គ្រឿងរបស់អ៊ីស្រាអែល។ ក្បួនយន្តហោះ F-35 ប៉ុន្មានគ្រឿងដំបូង បានមកដល់អ៊ីស្រាអែលកាលពីខែធ្នូ ឆ្នាំ២០១៦ ហើយបើគិតត្រឹមចុងឆ្នាំ២០១៩ ខាងមុខនេះ ចំនួនយន្តហោះចម្បាំង F-35 របស់ប្រទេសអ៊ីស្រាអែលនឹងកើនដល់ ២០គ្រឿង។
សម្រាប់អានុភាពនៃ F-35 វាគឺជាប្រភេទយន្តហោះចម្បាំងជំនាន់ថ្មីចុងក្រោយគេ និងទំនើបបំផុត ដែលផលិតឡើងដោយសហរដ្ឋអាមេរិក។ យន្តហោះចម្បាំងនេះមានសមត្ថភាពពិសេសៗ ដូចជាបច្ចេកវិទ្យាបំបាំងកាយយ៉ាងជឿនលឿន ដែលធ្វើឲ្យប្រព័ន្ធរ៉ាដាធម្មតាៗពុំអាចចាប់សញ្ញា របស់វាបានឡើយ។
យន្តហោះចម្បាំង F-35 ក៏មានលទ្ធភាពផ្ទុកគ្រាប់បែកជាច្រើនប្រភេទ និងហោះក្នុងល្បឿនលឿនជាងសំឡេងនៅកម្រិត Mach 1.6 ឬ ១,៩៧៩គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។ សម្រាប់អ៊ីស្រាអែលក្នុងនាមជាសម្ព័ន្ធមិត្ត ចាក់ទឹកមិនលិចរបស់ សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ការមានយន្តហោះចម្បាំង F-35 ពិតជារឿងចាំបាច់បំផុត ព្រោះប្រទេសដ៏តូចតែខ្លាំងក្លាមួយនេះ មានសត្រូវនៅជុំទិសតែម្តង៕