(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ចិន Huawei មានគំរោងកាត់បន្ថយបុគ្គលិករាប់រយនាក់ នៅតាមសាខារបស់ខ្លួនមួយចំនួន នៅក្នុងសហរដ្ឋអាមេរិក ដោយសារតែការបន្តដាក់ក្រុមហ៊ុនយក្សនេះនៅក្នុងបញ្ជីខ្មៅ ពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Wall Street Journal នៅរសៀលថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។
រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានដាក់ក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅ ដែលជាការហាមមិនឱ្យធ្វើពាណិជ្ជកម្មជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗអាមេរិកដូចជា Google នៅក្រោមការចោទប្រកាន់ថា ក្រុមហ៊ុនចិនមួយនេះមានទំនាក់ទំនងជិតស្និទ្ធ និងស៊ើបការណ៍ឱ្យទីក្រុងប៉េកាំង។ ប៉ុន្តែ Huawei បានទាត់ចោលការប្រកាន់តែនេះ រីឯលោក ដូណាល់ ត្រាំ ផ្ទាល់ក៏បានបន្ធូរបន្ថយការរឹតត្បិតខ្លះផងដែរក្រោយជួបលោក ស៊ី ជិនពីង នៅកិច្ចប្រជុំ G20 ក្នុងប្រទេសជប៉ុនកាលពីចុងខែមិថុនាកន្លងទៅ។
តែយ៉ាងនេះក្ដី បើតាមសារព័ត៌មានអាមេរិក Wall Street Journal អាជ្ញាធរអាមេរិកនៅតែ បង្គាប់ឱ្យភ្នាក់ងាររបស់ខ្លួន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះ ដដែល។ Wall Street Journal ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានបញ្ជាក់ទៀតថា ជាការឆ្លើយតបនឹងការរឹតត្បិតដដែលនេះ ទើបក្រុមហ៊ុន Huawei សម្រេចចិត្តកាត់បន្ថយចំនួន បុគ្គលិកនៅតាមសាខាក្នុងសហរដ្ឋអាមេរិក រួមមានទាំងក្រុមហ៊ុន Futurewei Technologies ជាដើម។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន Futurewei Technologies មានបុគ្គលិកកំពុងបម្រើការ ៨៥០នាក់ ប៉ុន្តែក្នុងចំណោមពួកគេរាប់រយនាក់ អាចនឹងត្រូវជម្រុះចោល ខណៈបុគ្គលិកជាជាតិចិនអាចនឹងត្រូវអនុញ្ញាត ឱ្យមកធ្វើការនៅប្រទេសចិនវិញ។ យ៉ាងណាក៏ដោយការសម្រេចរបស់ Huawei ដែលនឹងធ្វើឲ្យជនជាតិអាមេរិករាប់រយនាក់បាត់បង់ការងារធ្វើនេះ អាចនឹងជះឥទ្ធិពលដល់ការសម្រេចចិត្តបន្ថែមទៀត របស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនជាក់ជាមិនខាន៕