(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កងទ័ពអាកាសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ទើបតែទទួលបានយន្តហោះចម្បាំងដ៏ទំនើប F-35 ចំនួនពីរគ្រឿងថ្មីពីសហរដ្ឋអាមេរិក ដើម្បីបង្កើតសមត្ថភាពប្រយុទ្ធតាមផ្លូវអាកាសរបស់ខ្លួន៕

២៖ ការបាញ់បង្ហោះយានរុករកទី២ ឈ្មោះ Chandrayaan-2 ទៅកាន់ឋានព្រះច័ន្ទ របស់រដ្ឋាភិបាលឥណ្ឌា ត្រូវបានលុបចោលភ្លាមៗ ដោយសារតែបញ្ហាបច្ចេកទេស៕

៣៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគេចោទថា ជាមនុស្សអើសអើងពូជសាសន៍ ក្រោយពីបានសរសេរសារមួយ លើបណ្តាញទំនាក់ទំនងសង្គម Twitter ដោយបានវាយប្រហារមកលើ សមាជិកសភាមួយក្រុម មកពីគណបក្សប្រជាធិបតេយ្យ៕

៤៖ អភិបាលក្រុង កៅស៊ុង (Kaohsiung) គឺលោក ហាន គួយុ (Han Kuo-yu) បានទទួលជ័យជម្នះក្នុងការ ប្រកួតប្រជែងយកតំណែង ជាបេក្ខជនប្រធានាធិបតីតៃវ៉ាន់ តំណាងឱ្យគណបក្ស គួមីតាង (Kuomintang) បន្ទាប់ពីការប្រកួតប្រជែងដេញដោលជាមួយបេក្ខជនដទៃនៅក្នុងបក្ស អស់រយៈពេលជាង២ខែមកនេះ៕

៥៖ ពាក់ព័ន្ធសំណុំរឿងពុករលួយរបស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ដែលកំពុងបន្តប្រព្រឹត្តទៅ ធនាគារម៉ាឡេស៊ី Ambank បានបង្ហើបឲ្យដឹងថា កាលពីឆ្នាំ២០១៤ កាតក្រេឌីត ចំនួនពីរដែលជាកម្មសិទ្ធិរបស់លោក Razak ត្រូវបានប្រើប្រាស់ដើម្បីទូទាត់ការទិញឥវ៉ាន់ ក្នុងហាងគ្រឿង អលង្ការមួយកន្លែង នៅប្រទេសអ៊ីតាលីអស់ ៨០៣,០០០ដុល្លារ ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ៕

៦៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន អាចនឹងចេញអាជ្ញាបណ្ណឲ្យក្រុមហ៊ុនអាមេរិក ចាប់ផ្តើមលក់សម្ភារៈ បច្ចេកវិទ្យាខ្លះៗ ដែលមិនប៉ះពាល់ដល់សន្តិសុខជាតិ ទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ឡើងវិញ ក្នុងរយៈពេល២ទៅ៤សប្តាហ៍ខាងមុខ៕