(វ៉ាស៊ីនតោន)៖ នៅក្នុងពេលឆាប់ៗនេះ កងទ័ពអាមេរិកត្រូវបានបំពាក់អាវុធស្វ័យប្រវត្តិទំនើប ស៊េរីថ្មីមួយ ដែលនឹងត្រូវឆ្លងកាត់ការធ្វើតេស្ដ និងបង្រៀនពីរបៀបប្រាស់ជាច្រើនដំណាក់ កាលនៅឯមូលដ្ឋានទ័ពខាសុន (Carson) នៃរដ្ឋខូរ៉ូឡាដូ (Colorado)។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមប្រភពពីមន្ត្រីយោធាអាមេរិក ការធ្វើតេស្ដអាវុធស៊េរីថ្មីខាងលើ ជាពិសេសគឺអាវុធដំណើរការដោយប្រព័ន្ធស្វ័យប្រវត្តិ ឬការបញ្ជាពីចំងាយ (RCVs) នឹងត្រូវធ្វើឡើងជាបីដំណាក់កាលធំៗ។ ដំណាក់កាលទី មួយគឺកងទ័ពអាមេរិកនឹងត្រូវហ្វឹកហាត់ ពីរបៀបធ្វើប្រតិបត្តិការរថក្រោះទើបធ្វើទំនើបកម្ម​មានឈ្មោះថា ប្រ៊ែដឡេយហ្វៃធីង (Bradley Fighting) ដែលមានបំពាក់កំាភ្លើង ២៥មីលីម៉ែត្រ និងប្រព័ន្ធកាមេរ៉ា ៣៦០ឌឺក្រេ។

ចំណែកឯដំណាក់កាលទីពីរ គ្រោងនឹងប្រព្រឹត្តទៅនៅពាក់កណ្ដាលឆ្នាំ២០២១ ជាមួយការ បង្កើនទាំងចំនួនកងទ័ព និងបរិក្ខាយោធាក្នុងនោះរួមមានទាំងរថក្រោះ Bradley Fighting ចំនួន ០៤គ្រឿងផងដែរ។ ដោយឡែកនៅដំណាក់កាលទីបី នៃការធ្វើតេស្ដនោះ គឺនឹងត្រូវធ្វើឡើងនៅពាក់កណ្ដាលឆ្នាំ២០២៣ ពោលគឺជាពេលដែលកងទ័ពអាមេរិក នឹងត្រូវបានណែនាំ ក៏ដូចជាបង្រៀនពីរបៀបប្រើប្រាស់អាវុធដោយប្រព័ន្ធស្វ័យប្រវត្តិ ឬបញ្ជាពីចំងាយ (RCVs) ទាំងកម្រិតមធ្យម និងកម្រិតស្រាល។

គួរជម្រាបថា កាលពីខែមីនា កងទ័ពអាមេរិកក៏ធ្លាប់ត្រូវបានគេរាយការណ៍ផងដែរពីគម្រោង អភិវឌ្ឍប្រព័ន្ធអាវុធបញ្ជាពីចំងាយ សម្រាប់បំពាក់លើយានយន្ដប្រយុទ្ធដូចជា រថពាសដែក M113 និងរពាសដែក AMPV ជាដើម។ ការធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពប្រើប្រាស់​សព្វាវុធនេះ គឺស្ថិតនៅក្នុងគំរោងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ផងដែរ នោះគឺការបង្កើនការចំណាយលើវិស័យយោធា និងការប្តូរសព្វាវុធចាស់ៗ បំពាក់មកវិញដោយសព្វាវុធថ្មីៗ ដែលធ្វើឲ្យអាមេរិកនៅតែរក្សាលំដាប់កំពូលដាច់គេ នៃសមត្ថភាពយោធារបស់ខ្លួន៕