(បាងកក)៖ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់ចា និងសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់លោក បានស្បថចូលកាន់តំណែងហើយ នាល្ងាចថ្ងៃអង្គារនេះ នៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាយប់ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ។

ពិធីស្បថចូលកាន់តំណែងនេះ បានធ្វើឡើង នៅសាល Amphorn Sathan Residential Hall ស្ថិតក្នុងវិមាន Dusit នៅទីក្រុងបាងកក នាវេលាម៉ោង៦ល្ងាច ថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់)។

លោក ប្រាយុទ្ធ ដែលត្រូវបានតែងតាំង ដោយព្រះមហាក្សត្រជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី២ នៅថ្ងៃទី១១ ខែកក្កដានោះ បានលើកឡើងថា គណៈរដ្ឋមន្ត្រីពិតជាមានក្តីត្រេកអរជាខ្លាំង ចំពោះការលើកទឹកចិត្ត និងឱវាទណែនាំរបស់ព្រះមហាក្សត្រ។

ព្រះមហាក្សត្រថៃ បានផ្តល់ឱវាទឲ្យគណៈរដ្ឋមន្ត្រី ធ្វើការដើម្បីប្រទេសជាតិ និងប្រជាជន ហើយគណៈរដ្ឋមន្ត្រី ត្រូវបំពេញការងារឲ្យបានល្អបំផុត។

សូមជម្រាបថា បន្ទាប់ពីស្បថចូលកាន់តំណែង គណៈរដ្ឋមន្ត្រី នឹងចាប់ផ្តើមការងារជាផ្លូវការ នៅថ្ងៃទី១៨ ខែកក្កដាស្អែកនេះ៕