(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេណា (Maithripala Sirisena) បាននិយាយថា ជនសង្ស័យដែលមានការជាប់ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកនៅទិវាបុណ្យ Easter របស់គ្រិស្តសាសនា ត្រូវបានចាប់ខ្លួនទាំងអស់ បន្ទាប់ពីមានការស៊ើបអង្កេតយ៉ាង ហ្មត់ចត់ ហើយអ្នកទាំងនេះអាចនឹងទទួលទោសប្រហារជីវិត បើគេរកឃើញភស្តុតាងថាមាន ជាប់ពាក់ព័ន្ធមែននឹងករណីនេះមែននោះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសុន្ទរកថាមួយ នៅថ្ងៃពុធសប្ដាហ៍នេះ លោក ស៊ីរីសេណា បាននិយាយថាយោង ទៅតាមច្បាប់ព្រហ្មទណ្ឌស្រីលង្កា ទោសប្រហារជីវិតត្រូវធ្វើឡើងនៅពេលគេរកឃើញថា បុគ្គលម្នាក់នោះមាន ទោសឧក្រិដ្ឋសម្លាប់មនុស្ស ទោសក្បត់ជាតិ ឬទោសជាប់ពាក់ព័ន្ធនឹង អំពើភេរវកម្ម។ ការដាក់ទណ្ឌកម្មបែបនេះ គួរតែត្រូវបានអនុវត្តដើម្បីបង្កើតសង្គមមួយឲ្យល្អ ប្រសើរជាងមុន និងទប់ស្កាត់អំពើខុសឆ្គង។

លោកបានបន្ថែមទៀតថា ជនសង្ស័យទាំងអស់ដែលពាក់ព័ន្ធនឹងករណីវាយប្រហារនៅ ទិវាបុណ្យ Easter គួរតែត្រូវទទួលទោសប្រហារជីវិត ខណៈមនុស្សជាង២៥០នាក់ត្រូវបាន សម្លាប់ ក្នុងអំពើភេរវកម្មបំផ្ទុះគ្រាប់បែកនេះ។

ដោយឡែក នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe ក៏បាននិយាយក្នុង សភា កាលពីសប្ដាហ៍មុនដែរថា កងកម្លាំងសន្តិសុខកំពុងបន្តប្រតិបត្តិការរុករក និងការស៊ើបអង្កេតលើករណីនេះយ៉ាងសកម្ម។

គួររំលឹកថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៩ ដែលចំនឹងទិវាបុណ្យ Easter របស់ គ្រិស្តសាសនា មានករណីបំផ្ទុះគ្រាប់បែកភេរវកម្មចំនួន ០៨កន្លែងផ្សេងៗគ្នានៅប្រទេស ស្រីលង្កា ដែលបានសម្លាប់ជីវិតមនុស្ស២៥០នាក់ និងរបួសជាង៥០០នាក់។ ហេតុការ ណ៍នេះបានធ្វើឲ្យកក្រើកពិភពលោកទាំងមូល៕