(អឺរ៉ុប)៖ អគ្គលេខាធិការនៃអង្គការ NATO លោក ហ្សេនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg) បាននិយាយថា ពេលវេលាដើម្បីស្រោចស្រង់សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF រវាងអាមេរិកនិងរុស្ស៊ី គឺកាន់តែខើចមែនទែនហើយ ខណៈលោកបានប្រាប់គ្រប់គ្នា ត្រៀមខ្លួនឲ្យហើយទៅជាពិសេសគឺអឺរ៉ុបតែម្តង សម្រាប់កំណើននៃការដាក់ពង្រាយមីស៊ីល កាន់តែច្រើនថែមទៀតពីប្រទេសរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩។

សន្ធិសញ្ញានុយក្លេអ៊ែរ INF ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៨៧ ដោយសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលកាលនោះនៅជាសហភាពសូវៀត ក្រោមគោលដៅហាមឃាត់ការដាក់ពង្រាយ មីស៊ីលបំពាក់នុយក្លេអ៊ែរ ដែលបាញ់បានរយៈចម្ងាយខ្លី ព្រមទាំងមធ្យម។ ដោយចោទថារុស្ស៊ីរំលោភលក្ខខណ្ឌក្នុងសន្ធិសញ្ញា INF កាលពីខែកុម្ភៈ ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមដំណើរការនីតិវិធីដកខ្លួន ចេញពីសន្ធិសញ្ញានេះ ដែលត្រូវការពេលវេលា០៦ខែ។ រីឯទីក្រុងម៉ូស្គូដែលច្រានចោលការចោទប្រកាន់នេះ ក៏បានសម្រេចលែងអនុវត្តកាតព្វកិច្ចរបស់ខ្លួន នៅក្រោមសន្ធិសញ្ញា INF ហើយប្រកាសពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធសព្វាវុធថ្មីៗថែមទៀត។

ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន BBC លោក Stoltenberg បានលើកឡើងថា រុស្ស៊ីពិតជារំលោភលើសន្ធិសញ្ញា INF ហើយបានទទូចឲ្យទីក្រុងម៉ូស្គូ ត្រឡប់មកគោរពតាមលក្ខខណ្ឌទាំងអស់ ដូចដើមវិញឲ្យបាននៅទី០២ ខែសីហា ប៉ុន្តែលោក Stoltenberg ក៏បានគំរាមដែរថា បើមិនដូច្នោះទេអង្គការ NATO នឹងចេញចំណាត់ការលក្ខណៈការពារខ្លួនឆ្លើយតបទៅវិញ ដែលអាចរួមមានការដាក់ពង្រាយ ប្រព័ន្ធការពារមីស៊ីលនិងការពារដែនអាកាសបន្ថែម ក៏ដូចជាការធ្វើសមយុទ្ធយោធាថ្មីៗ និងការពង្រឹងសមត្ថភាពទ័ពជាដើម។

គួរជម្រាបថា បើតាមលោកអគ្គលេខាធិការអង្គការ NATO មកទល់ពេលនេះ គឺពុំមានសញ្ញាណាមួយ ដែលបង្ហាញថា រុស្ស៊ីនឹងធ្វើតាមសំណើរបស់លោកឡើយ ដូច្នេះលោកបាននិយាយថា NATO ត្រូវត្រៀមខ្លួនសម្រាប់ពិភពលោក ដែលពុំមានសន្ធិសញ្ញា INF និងមានវត្តមានមីស៊ីលរុស្ស៊ីកាន់តែច្រើន។

យ៉ាងណាមិញ បើតាមរុស្ស៊ីវិញសហរដ្ឋអាមេរិកឯណោះវិញទេ ដែលជាអ្នកចង់បំផ្លិចបំផ្លាញ សន្ធិសញ្ញានុយក្លេអ៊ែរដ៏សំខាន់មួយនេះ ព្រោះជាអ្នកដើរចេញមុន ហើយហាក់មិនមានចេតនាត្រឡប់ក្រោយវិញឡើយ។ ទោះជាបែបនេះក្តី លោក Stoltenberg បានគូសបញ្ជាក់ថា ស្ថានការណ៍នឹងទៅជាយ៉ាងណាទៀតនោះ គឺត្រូវរង់ចាំមើល ថ្ងៃផុតកំណត់ ថ្ងៃទី០២ សីហា ឆ្នាំ២០១៩ ខាងមុខសិន៕