(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា រដ្ឋាភិបាលទីក្រុងតូក្យូកំពុងពិចារណាយកសំណុំរឿង ដែលតុលាការទីក្រុងសេអ៊ូល បង្គាប់ឱ្យខ្លួនបង់សំណងរាប់លានដុល្លារ ទៅដល់ប្រជាជនកូរ៉េខាងត្បូង ឡើងតុលាការយុត្តិធម៌អន្តរជាតិ ខណៈកាលបរិច្ឆេទក្នុងការស្វែងអាជ្ញាកណ្ដាល នឹងត្រូវផុតកំណត់នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩។

តុលាការកំពូលកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៨ បានបង្គាប់ឱ្យក្រុមហ៊ុនជប៉ុនចំនួន ០២ ធ្វើការបង់ប្រាក់សំណងដល់ប្រជាជនកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឱ្យធ្វើការដោយគ្មានប្រាក់ខែ នៅតាមរោងចក្ររបស់ក្រុមហ៊ុនទាំងពីរនេះ ក្នុងសម័យសង្រ្គាមលោកលើកទី២។ ប៉ុន្តែទីក្រុងតូក្យូបានចាត់ទុកការសេចក្ដីសម្រេចនេះ គឺជាទង្វើរំលោភលើច្បាប់អន្តរជាតិ ដ្បិតបញ្ហាផ្ដល់សំណងនេះត្រូវបានភាគីទាំងពីរ ផ្សះផ្សាគ្នាតាំងតែពីឆ្នាំ១៩៦៥ មកម្ល៉េះ។

បន្ថែមពីលើនេះដោយសារតែជម្លោះនេះដែរ ទីក្រុងកូត្យូបានសម្រេចចិត្តរឹតត្បិតការនាំចេញ វត្ថុធាតុដើមសំខាន់ៗសម្រាប់ផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទដៃស្មាតហ្វូន កាលពីពេលថ្មី នេះដល់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង។ ដោយឡែក បើតាមសារព័ត៌មានជប៉ុន NHK ទីក្រុងតូក្យូនឹងបន្តជម្រុញឱ្យកូរ៉េខាងត្បូងបញ្ចប់ជម្លោះនេះ ប៉ុន្តែបើនៅតែគ្មានដំណោះស្រាយ នោះជប៉ុនអាចនឹងចាត់វិធានការតបត ក្នុងនោះមានរួមទាំងការដាក់ពាក្យប្ដឹងឡើងតុលាការយុត្តិធម៌អន្តរជាតិ ស្របពេលដែល កាលបរិច្ឆេទក្នុងការស្វែងអាជ្ញាកណ្ដាល នឹងត្រូវផុតកំណត់នៅថ្ងៃព្រហស្បតិ៍នេះ។

គួរបញ្ជាក់ថា បើតាមសេចក្ដីរាយការណ៍ដាច់ដោយឡែករបស់សារព័ត៌មាន Kyodo នឹងមិន ចូលរួមក្នុងកិច្ចចរចាដោះស្រាយជម្លោះ ពាក់ព័ន្ធនឹងការរឹតត្បិតការនាំចេញ លើកូរ៉េខាងត្បូងនោះទេ បើទោះទីក្រុងតូត្យូផ្ទាល់ធ្លាប់អះអាងថា ការរឹត្បិតនេះមិនមែនជាការសងសឹកនឹង សេចក្ដីសម្រេចរបស់តុលាការកំពូលកូរ៉េខាងត្បូងក៏ដោយ៕