(បរទេស)៖ នាពេលនេះមានមតិមួយចំនួនកំពុងភ័យព្រួយបារម្ភថា ចិនអាចឡើងជាមហាអំណាចលេខ ១ ផ្នែកអវកាសក្នុងពេលត្រឹមតែ ២៦ឆ្នាំទៀតប៉ុណ្ណោះ ជាមួយគម្រោងប្រកបដោយមហិច្ឆតាជាច្រើន នៅលើឋានព្រះច័ន្ទ និងភពព្រះអង្គារជាដើម ដែលជាការគំរាមកំហែងដោយផ្ទាល់ចំៗតែម្តង ចំពោះសហរដ្ឋអាមេរិកដែលជាមហាអំណាចកំពូលបច្ចុប្បន្ន។

បើតាមអ្នកជំនាញអន្តរជាតិម្នាក់ឈ្មោះ ណាមរ៉ាតា ហ្គោសវ៉ាមី (Namrata Goswami) ប្រទេសចិនមានមហិច្ឆតាចង់អភិវឌ្ឍន៍ខ្លួនឯង ឲ្យក្លាយទៅជាមហាអំណាចអវកាសលេខ ១ ពីលើរុស្ស៊ី និងជាពិសេសសហរដ្ឋអាមេរិកតែម្តង នៅយ៉ាងហោចណាស់ឆ្នាំ២០៤៥។ យ៉ាងណាមិញ គោលដៅចម្បងដ៏ធំជាងនេះរបស់ចិននោះ គឺមិនមែនការស្រាវជ្រាវលើវិស័យអវកាសឡើយ ប៉ុន្តែគឺទៅលើការពូនផ្តុំអំណាចផ្នែកឧស្សាហកម្ម និងសេដ្ឋកិច្ចទៅវិញទេ។

អ្នកជំនាញដដែលរូបនេះបាននិយាយថា គម្រោងរបស់ចិន រួមមានដូចជាការបង្កើតមូលដ្ឋានរុករកធនធានរ៉ែ នៅលើផ្ទៃព្រះច័ន្ទ និងភពអង្គារ ហើយប្រែក្លាយដែនដីទាំងនោះ ទៅជាទីតាំងឧស្សាហកម្មដ៏សកម្មរបស់ខ្លួន។ ក្រៅពីនេះចិនក៏មានគោលដៅទាញយកផលប្រយោជន៍ ពីបណ្តាអាចម៍ផ្កាយក្នុងទីអវកាស ដែលមានផ្ទុកធនធានរ៉ែមានតម្លៃ ដ៏ច្រើនសម្បើមថែមទៀតផង។

គួរជម្រាបថា អ្នកជំនាញខាងលើបានទទូចឲ្យសហរដ្ឋអាមេរិក កុំមើលស្រាលគោលដៅរបស់ចិន នៅក្នុងវិស័យអវកាសឲ្យសោះ ខណៈចិនដែលទើបតែរីកចម្រើនខាងផ្នែកអវកាសសោះ កាលពីដើមឆ្នាំ២០១៩ បានបញ្ជូនយានអវកាសឲ្យចុះចតនៅលើតំបន់ dark side ឬ far side (ចំហៀងដែលមិនបែរមករកផែនដី) របស់ព្រះច័ន្ទដោយជោគជ័យ ហើយកំពុងមានគម្រោងបញ្ជូនយាន ទៅកាន់ភពអង្គារនៅឆ្នាំ២០២០ ថែមទៀត៕