(តូត្យូ)៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២៤នាក់ និង ៣៥នាក់ទៀតរងរបួសនៅក្នុង ហេតុការណ៍អគ្គីភ័យឆាបឆេះស្ទូតឌីយ៉ូមួយកន្លែង របស់ក្រុមហ៊ុនផលិតគំនូរជីវចលក្នុងទីក្រុងក្យូតូ (Kyoto) ភាគខាងលិចប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Daily Sabah នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩។
យោងតាមក្រុមអ្នកពន្លត់អគ្គីភ័យ ភ្លើងបានឆាបឆេះស្ទូតឌីយ៉ូរបស់ក្រុមហ៊ុន Kyoto Animation នៅម៉ោងប្រមាណ ១០៖៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានសំឡេងផ្ទុះបានកើតឡើង។ ក្រុមពន្លត់អគ្គិភ័យបានបំពេញប្រតិបត្តិការរបស់ពួកគេ យ៉ាងសស្រាក់សស្រាំរហូតដល់អាចពន្លត់ អគ្គីភ័យទាំងស្រុងនាវេលារសៀលថ្ងៃព្រហស្បតិ៍នេះ ខណៈមិនមានភ្លើងឆាបឆេះរាលដាល ដល់អាគារក្បែរខាងនោះឡើយ។
គួរបញ្ជាក់ថា មូលហេតុនៃអគ្គីភ័យនេះមិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេស្របពេលការស៊ើប អង្កេតកំពុងធ្វើឡើង លើបុរសម្នាក់ត្រូវបានអាជ្ញាធរជប៉ុនចាប់ខ្លួនដែលទំនងជាអ្នកបង្កអគ្គីភ័យនេះ ឡើង។ អាជ្ញាធរជប៉ុនក៏បានបញ្ជាក់ទៀតដែរថា ចំនួនមនុស្សស្លាប់អាចនឹងកើនឡើង ព្រោះសាក្សីនៅកន្លែងកើតហេតុបានអះអាងថា មនុស្សមួយចំនួនបានសម្រេចលោតពីលើអគារតែម្តងដើម្បី គេចចេញពីភ្លើងមច្ចុរាជ។ អាជ្ញាធរជឿជាក់ថា កាលពីកំឡុងពេលកើតហេតុ មនុស្សប្រមាណ ៧០នាក់ កំពុងស្ថិតនៅក្នុងអគារក្រុមហ៊ុន Kyoto Animation៕