(ប៊ែរឡាំង)៖ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក ហេកូ ម៉ាអាស (Heiko Maas) នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានគូសបញ្ជាក់អំពីភាពចាំបាច់ ក្នុងការរក្សាកិច្ចសន្ទនាជាមួយប្រទេសរុស្ស៊ី ទោះបីជាមានការខ្វែងគំនិតគ្នាច្រើនក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩។

លោក Maas បាននិយាយដូច្នេះថា «ទោះបីជាភាគីទាំងពីរមានគោលគំនិតខុសគ្នា ជុំវិញប្រធានបទជាច្រើននាពេលបច្ចុប្បន្នក៏ដោយ ការរក្សាកិច្ចសន្ទនារវាងអាល្លឺម៉ង់ និងរុស្ស៊ី នៅតែជារឿងចាំបាច់បំផុត»។ លោក Maas បានលើកឡើងបែបនេះ នៅក្នុងឱកាសជួបជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅឯទីក្រុងបូន (Bonn) របស់អាល្លឺម៉ង់។

ប្រមុខការទូតនៃប្រទេសទាំងពីរ បានរួមគ្នាបើកសម័យប្រជុំប្រចាំឆ្នាំលើកទី ១៨ ក្រោមក្របខណ្ឌកិច្ចសន្ទនា ភីធើស្បឺក (Petersburg) ដែលត្រូវបានបង្កើតឡើង​កាលពីឆ្នាំ២០០១ ក្រោមការផ្តួចផ្តើមក៏ដូចជាជំរុញគាំទ្រ ពីសំណាក់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងអតីតអធិការបតីអាល្លឺម៉ង់លោក ជឺហាដ ស្ក្រូដឺ (Gerhard Schroeder) ដើម្បីលើកកម្ពស់ទំនាក់ទំនងរុស្ស៊ី-អាល្លឺម៉ង់។

លោក Maas បានបន្តថា ទោះទីក្រុងម៉ូស្គូ និងទីក្រុងប៊ែរឡាំងមានគោលជំហរផ្ទុយគ្នា ជុំវិញបញ្ហានៅភាគខាងកើតអ៊ុយក្រែន និងតំបន់គ្រីមៀយ៉ាងណាក៏ដោយ ក៏ប្រទេសអាល្លឺម៉ង់ និងរុស្ស៊ីត្រូវតែរួមសហការគ្នា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ខណៈការចូលរួមប្រកបដោយភាពស្ថាបនារបស់ររុស្ស៊ី គឺចាំបាច់ជាខ្លាំង ក្នុងការដោះស្រាយបញ្ហាជាច្រើន ដែលកំពុងកើតមាននៅលើពិភពលោក៕