(ការ៉ាកាស់)៖ នាថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅវេណេស៊ុយអេឡា) ប្រទេសវេណេស៊ុយអេឡា បានទទួលរងការដាច់ភ្លើង ទ្រង់ទ្រាយធំជាថ្មីម្តងទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។

បញ្ហាដាច់ចរន្តអគ្គិសនីថ្មីនេះ បានប៉ះពាល់ដល់រដ្ឋប្រមាណ១៧ ក្នុងចំណោមរដ្ឋទាំង២៣ របស់វេណេស៊ុយអេឡា រួមមានទាំង រដ្ឋធានីការ៉ាកាស់ផ្ទាល់។ បើតាមរូបភាពជាច្រើននៃទីក្រុងការ៉ាកាស់ ដែលគេទើបចែកនៅលើបណ្តាញសង្គម មនុស្សម្នាត្រូវធ្វើ ដំណើរដោយថ្មើរជើង ដោយសារស្ថានីយរថភ្លើងត្រូវរាំងស្ទះព្រោះតែការដាច់ភ្លើង។ បញ្ហានេះ ក៏បានធ្វើឲ្យដាច់សេវាទូរស័ព្ទ ភ្លើង សញ្ញាចរាចរណ៍ និងសេវាកម្មទូទៅផ្សេងៗទៀត។

គួរជម្រាបថា បញ្ហាដាច់ភ្លើងទ្រង់ទ្រាយធំបែបនេះ បានចាប់ផ្តើមវាយលុកវេណេស៊ុយអេឡា កាលពីថ្ងៃទី០៧ ខែមីនា ដែលពេល នោះវាបានធ្វើឲ្យដែនដីមួយចំនួនធំរបស់ប្រទេសអាមេរិកឡាទីនមួយនេះ គ្មានអគ្គិសនីប្រើប្រាស់អស់រយៈពេលជាច្រើនថ្ងៃ ប៉ុន្មានខែចុងក្រោយនេះបញ្ហាហាក់បានធូរស្បើយ តែឥឡូវវាក៏បានកើតឡើងវិញសាជាថ្មី។

រដ្ឋមន្រ្តីព័ត៌មានវេណេស៊ុយអេឡា លោក Jorge Rodrigues បានអះអាងថា ការដាច់ភ្លើងនេះគឺដោយសារតែការវាយប្រហារ តាម រយៈរលកអាឡិចត្រូម៉ាញេទិច ហើយអាជ្ញាធរកំពុងតែព្យាយាមស្តារថាមពលឡើងវិញ៕