(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក អ៊ីរ៉ាម ខាន់ (Imran Khan) បានបង្ហើបឲ្យដឹងថា ទីភ្នាក់ងារចារកម្ម ISI របស់ប្រទេសលោក តាមពិតទៅគឺជាអ្នកសម្របសម្រួល ទៅដល់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការតាមប្រមាញ់ ព្រមទាំងកម្ចាត់អតីតមេដឹកនាំក្រុមអាល់កៃដា លោក អូសាម៉ា ប៊ិនឡាដិន (Osama bin Laden)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។
ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News កំឡុងដំណើរទស្សនកិច្ចរយៈពេល ០៣ថ្ងៃនៅលើទឹកដីអាមេរិក លោក Khan បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីភ្នាក់ងារចារកម្មប៉ាគីស្ថាន ISI គឺជាអ្នកផ្តល់ព័ត៌មានដំបូង ដែលឈានដល់ការរកឃើញទីតាំងលាក់ខ្លួនរបស់ Osama bin Laden ទៅឲ្យទីភ្នាក់ងារចារកម្មអាមេរិក CIA»។
លោក Khan បានលើកឡើងទៀតថា ប្រតិបត្តិការជាសម្ងាត់របស់កងកម្លាំងពិសេស Navy SEAL របស់អាមេរិក ដែលបានផ្តាច់ជីវិត Bin Laden កាលពីឆ្នាំ២០១១ បានធ្វើប៉ាគីស្ថានរងការអាម៉ាស់ជាខ្លាំង ព្រោះប្រទេសលោកយល់ថា ក្នុងនាមជាសម្ព័ន្ធមិត្តមួយដែររបស់អាមេរិក លោកជឿជាក់ថាប៉ាគីស្ថាននឹងច្បាស់ជាកម្ចាត់ Bin Laden ចោលប្រសិនបើទីក្រុងវ៉ាស៊ីនតោនប្រាប់ឲ្យដឹងមុន ពីព័ត៌មាននៃទីតាំងលាក់ខ្លួនរបស់ Bin Laden។
គួរជម្រាបថា មេភេរវករ Osama bin Laden ត្រូវបានកងកម្លាំង Navy SEAL អាមេរិក សម្លាប់កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១១ ក្នុងតំបន់ អាប់បុតតាបាដ (Abbottabad) របស់ប្រទេសប៉ាគីស្ថាន ក្រោមប្រតិបត្តិការមានឈ្មោះថា ណិបទូនស្ពារ (Operation Neptune Spear)។ ដោយសារតែវត្តមានរបស់ Bin Laden នៅក្នុងទឹកដីប៉ាគីស្ថាន មតិមួយចំនួនបានលើកឡើងថា ប៉ាគីស្ថានប្រហែលជាលួចផ្តល់កន្លែងឲ្យ មេភេរវកររូបនេះជ្រកកោន ពីការតាមប្រមាញ់អស់រយៈពេលជាច្រើនឆ្នាំរបស់សហរដ្ឋអាមេរិក៕