(បាងកក)៖ មនុស្សសរុប ០៤នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍វាយប្រហារដោយពួកឧទ្ទាម លើបន្ទាយយោធាមួយកន្លែងនៅភាគខាងត្បូងប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។
បើតាមអាជ្ញាធរឲ្យដឹងនាថ្ងៃពុធនេះ សកម្មភាពខាងលើបានកើតឡើងកាលពីវេលាយប់ថ្ងៃអង្គារ ដោយពួកឧទ្ទាមប្រដាប់អាវុធ បានវាយលុកលើបន្ទាយនៅដាច់ឆ្ងាយមួយកន្លែងក្នុងខេត្ត ផាត់តានី (Pattani) ប្រទេសថៃ តាមរយៈការចោលគ្រាប់បែក និងបាញ់ប្រហារជិតមួយម៉ោង។ ជាលទ្ធផលមនុស្ស ០៤នាក់បានស្លាប់ ក្នុងនោះម្នាក់ជាជនស៊ីវិល និងមានមនុស្សពីរនាក់ ទៀតរងរបួសធ្ងន់។ ក្រោយមកពួកឧទ្ទាមក៏បានដកថយទៅវិញដោយសុវត្ថិភាព ក្រោយលួចបានកាំភ្លើងយន្ត ០៥ដើម។
គួរជម្រាបថា បញ្ហាអសន្តិសុខនៅភាគខាងត្បូងប្រទេសថៃ បានអូសបន្លាយអស់រយៈពេលប្រមាណ ១៥ឆ្នាំមកហើយ និងបានផ្តាច់ជីវិតមនុស្សសរុប ៧,០០០នាក់។ រាជរដ្ឋាភិបាលថៃកន្លងមកនេះ ក៏ធ្លាប់បានព្យាយាមចរចាជាមួយពួកឧទ្ទាមភាគ ខាងត្បូងនោះផងដែរ ប៉ុន្តែមិនបានជោគជ័យនោះឡើយ។ សម្រាប់ខេត្តបីរបស់ថៃនៅភាគខាងត្បូង ដែលមានករណីវាយប្រហារច្រើនជាងគេនោះមានដូចជា ផាត់តានី យ៉ាឡា និងណារ៉ាត់ធីវ៉ាត់៕