(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លីចំនួន២គ្រាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចេញពីឆ្នេរភាគខាងកើតរបស់ខ្លួន ហើយនេះជាការធ្វើតេស្ដ មីស៊ីលជាលើកដំបូងបំផុត ក្រោយលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ព្រមព្រៀងចាប់ផ្ដើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩។
ជាមួយគ្នានោះដែរ បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពី តំបន់មួយក្បែរទីក្រុង Wonsan ដោយវាហោះបានចំងាយ៤៣០គីឡូម៉ែត្រ និងហោះ ដល់រយៈកម្ពស់៥០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន។
តែភ្លាមៗ ទីក្រុងវ៉ាស៊ីនតោន មិនទាន់អត្ថាធិប្បាយអ្វីនៅឡើយទេ ខណៈមន្ត្រីយោធា អាមេរិកបានទទួលដំណឹងពីការធ្វើតេស្ដមីស៊ីលនេះហើយ៕