(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Boeing អាចកាត់បន្ថយ ឬក៏បញ្ឈប់ការផលិតយន្ដហោះប្រភេទ 737 MAX បើសិនជាក្រុមហ៊ុនមិនអាចដោះស្រាយបញ្ហា software នៅក្នុងប្រព័ន្ធយន្ដហោះ ស៊េរីទំនើបនេះនៅត្រឹមចុងឆ្នាំ២០១៩ ទេនោះ។ នេះបើតាមនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Boeing ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩។
នាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក ឌែននីស មុយឡេនប៊ឺក (Dennis Muilenburg) ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងវីដេអូខុនហ្វ្រិនស្ដីពីផលចំណេញនៅត្រីមាសទី ២ នៅថ្ងៃពុធសប្ដាហ៍នេះ។ ស្ថិតក្នុងឱកាសនោះ លោក Muilenburg បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាការវាយតម្លៃរបស់យើងកាលពីពេលមុនៗ ពាក់ព័ន្ធនឹងការដាក់ឱ្យដំណើរការ Boeing 737 MAX ជាថ្មីត្រូវផ្លាស់ប្ដូរ នោះយើងអាចនឹងពិចារណាពីលទ្ធភាពកាត់បន្ថយ ឬបញ្ឈប់ការផលិតយន្ដហោះប្រភេទនេះជាបណ្ដោះអាសន្ន»។
តែទោះជាយ៉ាងនេះក្ដី លោក Muilenburg នៅតែរំពឹងដដែលថាក្រុមហ៊ុន Boeing អាចនឹង រក្សាអាត្រាផលិតប្រចាំខែក្នុងពេលបច្ចុប្បន្ននៃការប្រគល់ Boeing 737 MAX ចំនួន ៤២គ្រឿង ក្នុងមួយខែដដែលហើយនឹងកើនដល់ ៥៧គ្រឿងនៅត្រឹមឆ្នាំ២០២០។
គួរជម្រាបថា ក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing បានធ្លាក់ផុងខ្លួនក្នុងវិបត្តិ ក្រោយយន្ដហោះធុន 737 MAX ដល់ទៅពីរគ្រឿងបានធ្លាក់នៅប្រទេសឥណ្ឌូណេស៊ី កាលពីខែតុលា ឆ្នាំ២០១៨ និងនៅអេត្យូពីកាលពីខែមីនាកន្លងទៅ ដោយបានផ្ដាច់ជីវិតមនុស្សសរុប ៣៤៦នាក់។ ក្រោយសោដនាកម្មនេះដែរ 737 MAX ត្រូវបានបញ្ឈរជើងនៅទូទាំងពិភពលោក ខណៈ Boeing សម្រេចផ្តល់ប្រាក់ ៥០លានដុល្លារជាសំណងដល់គ្រួសារជនរងគ្រោះទាំងអស់៕